(ភ្នំពេញ)៖ ព្រូដិនសលកម្ពុជា ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយនៅកម្ពុជា បានលក់បណ្ណសន្យារ៉ាប់រងទី ១៥ម៉ឺន របស់ខ្លួន កាលពីពេលថ្មីៗដែលនេះ គឺជាសមិទ្ធផលដ៏សំខាន់ ក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា ហើយឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់សាធារណជ នចំពោះក្រុមហ៊ុន ក៏ដូចជាផលិតផលរបស់ក្រុមហ៊ុន។
តាំងពីចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម ឆ្នាំ២០១៣មក ក្រុមហ៊ុន ព្រូដិនសលកម្ពុជា តែងបានជំរុញឲ្យប្រជាពលរដ្ឋផ្ដល់សារសំខាន់ លើការរៀបចំផែនការសម្រាប់អនាគត។ ដូច្នេះ ការសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់នេះ ក្នុងរយៈពេលប្រាំឆ្នាំ បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ អំពីសេវាធានារ៉ាប់រងអាយុជីវិត និងភាពចាំបាច់នៃការធ្វើផែនការហិរញ្ញវត្ថុរយៈពេលវែង។
លោក David Nutman អគ្គនាយកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានថ្លែងអំណរគុណដល់អតិថិជនរបស់ក្រុមហ៊ុន ដែលបានផ្ដល់ទំនុកចិត្តលើក្រុមហ៊ុន ក្នុងការជួយគាំទ្រដល់ពួកគាត់ ឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុរបស់ខ្លួន។
លោកលើកឡើងថា យើងពិតជាអរគុណ សម្រាប់ការគាំទ្ររបស់លោកអ្នកចំពោះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា ដែលជាកត្តា ជួយឲ្យយើងឈានមុខគេ នៅក្នុងឧស្សាហកម្មធានារ៉ាប់រងអាយុជីវិត នៅកម្ពុជា។ ដោយមានទំនុកចិត្ត និងការជឿជាក់ពីអ្នកទាំងអស់គ្នានេះហើយ ទើបធ្វើឲ្យយើងអាចសម្រេចបាននូវសមិទ្ធផលនៃការចេញបណ្ណសន្យារ៉ាប់រងចំនួន ១៥ម៉ឺនបណ្ណ ចាប់តាំងពីឆ្នាំ២០១៣។ នេះជាកំណើនយ៉ាងច្រើន បើធៀបនឹងពេលដដែលនេះ កាលពីឆ្នាំមុន ដែលយើងចេញបណ្ណសន្យារ៉ាប់រង បានចំនួន១០ម៉ឺនបណ្ណ ។
លោកបន្ដថា «សមិទ្ធផលនេះ ពុំអាចសម្រេចបានឡើយ ប្រសិនបើគ្មានការខិតខំព្យាយាម និងការលះបង់ពីសំណាក់បុគ្គលិក ទីភ្នាក់ងារ និងធនាគារដៃគូរបស់យើងទូទាំងប្រទេសកម្ពុជា។ យើងនៅតែប្តេជ្ញាក្នុងការផ្តល់ជូននូវផលិតផលធានារ៉ាប់រងជីវិតលំដាប់ពិភពលោក ដែលត្រូវបានបង្កើតឡើងឲ្យស្របតាមតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋខ្មែរ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជាផងដែរ»។
ក្នុងរយៈកាល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានផ្តល់សំណងចំនួនជាង ២.៤ លានដុល្លារអាមេរិក ដល់អតិថិជន ដែលបានប្រើប្រាស់ផលិតផលគ្រប់ប្រភេទរបស់ខ្លួន ដែលផលិតផលទាំងនោះត្រូវបានបង្កើតឡើង ដើម្បីឲ្យស្របទៅតាមតម្រូវការនៃការការពារសម្រាប់ក្រុមគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរ។ នៅចន្លោះ ខែកក្កដា ឆ្នាំ២០១៧ និងខែកក្កដាឆ្នាំ២០១៨ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានស្វាគមន៍ម្ចាស់បណ្ណសន្យារ៉ាប់រងថ្មីចំនួន៥០.០០០ នាក់ ដែលពេញចិត្តនឹងគុណតម្លៃ កេរ្តិ៍ឈ្មោះ និងសេវាកម្ម របស់ក្រុមហ៊ុនព្រូដិនសលកម្ពុជា។
នៅខែឧសភាឆ្នាំនេះ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុ វីង (ខេមបូឌា) ដើម្បីឱ្យអតិថិជនអាចបង់ប្រាក់បុព្វលាភរបស់ខ្លួន តាមរយៈបណ្តាញភ្នាក់ងារ វីង។ ភាពជាដៃគូនេះ គឺជាតឹកតាងជាក់ស្តែង បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះទៀត ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់សហគមន៍នានានៅកម្ពុជា តាមរយៈការគាំទ្រពីមូលនិធិព្រូដិនស៍ ដែលជាមូលនិធិអភិវឌ្ឍន៍សហគមន៍របស់ សាជីវកម្មព្រូដិនសល អាស៊ី ហើយផ្ដោតជាសំខាន់ លើការលើកកម្ពស់អំណានដំបូង សម្រាប់កុមារតូច ការអប់រំហិរញ្ញវត្ថុ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលទាំងអស់នេះសុទ្ធតែជាផ្នែកសំខាន់ ដើម្បីជួយសម្រួលឲ្យមានកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា៕