(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលខ្សាច់ភ្នំ១ខ្សែ ប្រវែង ២,៥០០ម៉ែត្រ ស្ថិតនៅភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។
ពិធីនេះដែរក៏មាន ការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្តស្ដីទី លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកប្រធានក្រុមប្រឹក្សា និងលោកអភិបាល អភិបាលរងក្រុងស្វាយរៀង លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ មេភូមិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន១០០នាក់។
លោក ម៉ែន វិបុល បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែលនឹងលេចរូបរាងឡើង ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់ប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំនាពេលកន្លងមក ហើយលោកក៏សូមថ្លែងនូវការអរគុណចំពោះលោកឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយបានជួយឧបត្ថម្ភចំពោះការស្ថាបនាផ្លូវនេះ ដែលសរបញ្ជាក់ឲ្យឃើញពីវប្បធម៌ នៃការចែករំលែក និងការចូលរួមចំណែកជាមួយរដ្ឋបាលខេត្ត ក្នុងការធ្វើឲ្យកាន់តែប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្រុងស្វាយរៀង ជាពិសេសក្នុងការដោះស្រាយ និងឆ្លើយតបទាន់ពេលវេលា ទៅនឹងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានតម្រូវការក្នុងការប្រើប្រាស់ផ្លូវមួយខ្សែនេះ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវនេះ មិនមែនជាគម្រោងចុងក្រោយនោះទេ ជាបឋមគឺប្រែក្លាយពីផ្លូវដី មកជាផ្លូវក្រាលខ្សាច់ភ្នំ ហើយទៅថ្ងៃមុខទៀត ខេត្តនឹងប្រែក្លាយពីផ្លូវក្រាលខ្សាច់ភ្នំទៅជាផ្លូវចាក់បេតុង ឬកៅស៊ូតែម្ដង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការប្រើប្រាស់ផ្លូវ និងការដឹកជញ្ជូនផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋ ដែលចេះតែមានការកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់សង្ឃ័រទាំងអស់ ដែលកន្លងមកតែងតែចូលរួមសហការយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរសង្កាត់ក្នុងការអភិវឌ្ឍមូលដ្ឋាន និងសូមឲ្យបងប្អូនបន្តនូវវប្បធម៌ដ៏ប្រពៃនេះ ជាពិសេសក្នុងដំណើរការស្ថាបនាផ្លូវថ្មីឲ្យទទួលបានជោគជ័យតាមការគ្រោងទុក និងចូលរូមថែរក្សាដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្សយូរអង្វែង ។ ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចែកជូនក្រុមប្រឹក្សាសង្កាត់ មេភូមិ និងបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនោះចំនួន ១០០នាក់ ម្នាក់ៗទទួលបាន សារ៉ុង១ផងដែរ៕