(ស្ទឹងត្រែង)៖ ក្នុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល២ថ្ងៃដំបូង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានខេត្តស្ទឹងត្រែង បានឃាត់រថយន្តខុសលក្ខណៈបច្ចេកទេស និងរថយន្តគ្មានពន្ធជាច្រើនគ្រឿង នាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការផាកពិន័យទៅតាមផ្លូវច្បាប់។

ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ បានធ្វើឡើងថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិសាស្រ្តអូរពងមាន់ ក្បែរជញ្ជីងថ្លឹងរថយន្ត។

នាយផ្នែកចរាចរណ៍ផ្លូវគោក លោក ខែក សារី បានឱ្យដឹងថា ការដាក់កុងត្រូលចរាចរណ៍មានចំនួន២គោលដៅផ្សេងគ្នា រួមមាន៖ ទី១. នៅតាមបណ្តោយផ្លូវជាតិលេខ៧A នៅចំណុចក្បែរជញ្ជីងថ្លឹងអូរពងមាន់ និងគោលដៅទី២. នៅតាមបណ្តោយផ្លូវជាតិលេខ៧៨។

លោកថា ការដាក់កុងត្រូលខាងលើនោះ គឺធ្វើឡើងដើម្បីអនុវត្តច្បាប់ចរាចរណ៍ និងរឹតបន្តឹងច្បាប់ ចំពោះរថយន្តគ្រប់ប្រភេទដែលគ្មានឯកសារត្រឹមត្រូវ ពោលគឺរថយន្តអត់ពន្ធ និងរថយន្តខុសលក្ខណៈបច្ចេកទេស ត្រូវឃាត់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកបន្តថា កាលរយៈពេលកន្លងមក រថយន្តដែលធ្វើចរាចរណ៍លើដងផ្លូវ ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ប៉ុន្តែសមត្ថកិច្ចពិបាករកអត្តសញ្ញាណជនសង្ស័យ ដោយសារតែរថយន្តបង្កនោះភាគច្រើនសុទ្ធតែអត់មានពន្ធត្រឹមត្រូវ។

ដោយឡែក ស្នងការរងទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយត្រី ឌៀប ចាន់ធី បានបញ្ជាក់ថា ការរឹតបន្តឹងលើច្បាប់ចរាចរណ៍ផ្លូវគោក មិនមែនទើបតែផ្សព្វផ្សាយនោះទេ គឺផ្សព្វផ្សាយជាយូរណាស់ហើយ ប៉ុន្តែម្ចាស់រថយន្តនីមួយៗនៅតែផ្គើនចំពោះច្បាប់មួយនេះ។

លោកថា រថយន្តខុសលក្ខណៈបច្ចេកទេស និងរថយន្តគ្មានឯកសារត្រឹមត្រូវ ត្រូវបានកម្លាំងរបស់លោកឃាត់បានជាបណ្តើរៗ ហើយនាំយកមកកាន់ស្នងកាន់ដ្ឋាននគរបាលខេត្ត។

លោកបន្តថា រថយន្តដែលបានឃាត់មកនេះ នឹងត្រូវធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាទៅតាមផ្លូវច្បាប់ ហើយចំពោះរថយន្តដែលខុសលក្ខណៈបច្ចេកទេស ពោលគឺរថយន្តដោះកៅអីអង្គុយចេញ និងរថយន្តដឹកឥវ៉ាន់សំពីងសំពោងត្រូវទម្លាក់ចុះ រីឯរថយន្តដែលគ្មានកៅអីម្ចាស់រថយន្ត ត្រូវរកកៅអីមកចាប់ដាក់វិញឱ្យបានត្រឹមត្រូវ។

ស្នងការរងបានបន្ថែមថា ក្រោយពីធ្វើកិច្ចសន្យា និងផាកពិន័យរថយន្តទាំងនោះ កម្លាំងជំនាញ និងរក្សាទុករថយន្តទាំងអស់ រយៈពេល១សប្តាហ៍សិន ទើបប្រគល់រថយន្តនោះឱ្យម្ចាស់រថយន្តវិញ។

លោកថា ការដាក់កុងត្រូលខាងលើកម្លាំងជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង នៅបន្តរឹតបន្តឹងជារៀងរាល់ថ្ងៃ ដើម្បីរក្សាឱ្យបានជៀសវាងកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ រួចរកអត្តសញ្ញាណមិនឃើញ។

លោកស្នងការរងនៅមិនទាន់បានបញ្ជាក់ទៀតថា រថយន្តដែលឃាត់មកធ្វើការពិន័យប៉ុន្មានគ្រឿងនៅឡើយទេ ដោយកម្លាំងរបស់លោកកំពុងតែបន្តឃាត់បន្ថែមទៀត បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត។

គួរបញ្ជាក់ថា ឈើសសរក្តារដែលមាននៅលើរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញដកហូត និងប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី៕