(អូស្ត្រាលី)៖ លោក Scott John Morrison គឺជាអ្នកនយោបាយម្នាក់ ដែលបានក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ ប្រទេស អូស្ត្រាលី និងជាមេដឹកនាំគណបក្សសេរីនិយមកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗនៃនាយករដ្ឋមន្ត្រីរូបនេះ៖
* នាយករដ្ឋមន្រ្តីទី៣០ របស់អូស្ត្រាលី៖ ២៤ សីហា ២០១៨
* មេដឹកនាំបក្ស Liberal Party៖ ២៤ សីហា ២០១៨
* ហេរញ្ញិកអូស្ត្រាលី៖ ២១ កញ្ញា ២០១៥ - ២៤ សីហា ២០១៨
* រដ្ឋមន្ត្រីសង្គមកិច្ច៖ ២៣ ធ្នូ ២០១៤ - ២១ កញ្ញា ២០១៥
* រដ្ឋមន្ត្រីអន្តោប្រវេសន៍ និងការពារព្រំដែន៖ ១៨ កញ្ញា ២០១៣ - ២៣ ធ្នូ ២០១៤
* សមាជិកសភាអូស្ត្រាលី៖ ២៤ វិច្ឆិកា ២០០៧ ដល់បច្ចុប្បន្ន
* ថ្ងៃខែឆ្នាំកំណើត៖ ១៣ ឧសភា ១៩៦៨ វ័យ៥០
* ភរិយា៖ លោកស្រី Jenny Warren
* កូន៖ ពីរនាក់
១៖ ជីវិតពីកុមារភាព និងការអប់រំ
Morrison កើតនៅរដ្ឋញូវសៅវែល (New South Wales) ប្រទេស អូស្ត្រាលី ជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសពីរនាក់ ដែលមានឪពុកជាប៉ូលិស។ Morrison បានធំធាត់ឡើង នៅតំបន់ជាយក្រុង Bronte ។ កុមាររូបនេះមានធ្លាប់មានអាជីពជាអ្នកសម្តែងតាំងពីវ័យក្មេង ហើយថែមទាំងធ្លាប់ជាតួអង្គក្មេងដ៏លេចធ្លោម្នាក់ ក្នុងការផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ជាច្រើន។
របាយការណ៍មួយចំនួនបានលើកឡើងថា កុមាររូបនេះគឺជាតួអង្គក្មេងដ៏ល្បីល្បាញម្នាក់ក្នុងរឿង Love Rub ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែប្រភពខ្លះថា មិនមែនជាការពិតនោះទេ។ Morrison បានចូលសិក្សានៅសាលា Sydney Boys High School ក្រោយមកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភូមិសាស្ដ្រសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New South Wales ។
២៖ ជីវិតឯកជន
លោក Morrison បានចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយអ្នកនាង Jenny Warren នៅពេលដែលអ្នកទាំងពីរស្ថិតក្នុងវ័យទើបតែ១៦ឆ្នាំ។ ទីបំផុតគូស្នេហ៍ទាំងពីរបានរៀបការ ក្នុងវ័យ២១ឆ្នាំ ព្រមទាំងមានកូនស្រីពីរនាក់ជាចំណងដៃ។ លោកគឺជាអ្នកគាំទ្រក្រុមបាល់អោប Cronulla Sharks rugby ដែលក្រោយមកក្នុងឆ្នាំ២០១៦ ក្រុមនេះត្រូវបានប្តូរឈ្មោះទៅជា number-one ticket holder។
លោក Morrison ធ្លាប់បានត្រូវចិញ្ចឹមបីបាច់នៅក្នុងវិហារគ្រឹស្តសាសនាមួយ។ បច្ចុប្បន្ននេះនាយករដ្ឋមន្ត្រីរូបនេះ នៅតែបន្តចូលព្រះវិហារ Horizon Church ដែលព្រះវិហារមានជាប់ពាក់ព័ន្ធ នឹងវិហារគ្រឹស្តសាសនាអូស្រ្ដាលី។ ទាក់ទងនឹងផ្នែកសាសនាលោកបានលើកឡើងថា «ព្រះគម្ពីរ មិនមែនជាសៀវភៅគោលនយោបាយទេ ហើយខ្ញុំមានក្តីបារម្ភជាខ្លាំងនៅពេលដែលមនុស្ស ព្យាយាមគិតថាវាជាគោលនយោបាយទៅវិញ»។ នៅចុងឆ្នាំ២០១៧ លោក Morrison បានថ្លែងថា លោកនឹងក្លាយជាអ្នកតស៊ូមតិ ដ៏ខ្លាំងក្លាម្នាក់ ដើម្បីការពារសិទ្ធសេរីភាព ខាងសាសនាសម្រាប់ប្រជាពលរដ្ឋអូស្ត្រាលី។
៣៖ អាជីពការងារ
មុនចូលប្រឡូកក្នុងឆាកនយោបាយ លោកធ្លាប់ធ្វើជានាយកនៃការិយាល័យទេសចរណ៍ និងកីឡា នូវែលសេឡង់ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ ព្រមទាំងជានាយកគ្រប់គ្រង ភ្នាក់ងារទេសចរណ៍អូស្រ្តាលី ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦។ មិនតែប៉ុណ្ណោះ លោកក៏ជាមេដឹកនាំគណបក្ស New South Wales Liberal Party ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៤។ លោក Morrison ត្រូវបានជាប់ឆ្នោតជាដំណាងរាស្ត្រជាលើកដំបូង នៅក្នុងព្រឹត្តិការណ៍បោះឆ្នោតឆ្នាំ២០០៧។ លោកត្រូវបានតែងតាំងថ្នាក់ដឹកនាំបក្សប្រឆាំង បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០១០។
ក្នុងឆ្នាំ២០១៣ លោក Morrison ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែន នៅក្នុងសម័យរដ្ឋាភិបាលក្រោមការដឹកនំារបស់លោក Abbott។ នៅក្នុងតួនាទីនោះ គាត់មានទំនួលខុសត្រូវក្នុងការអនុវត្តប្រតិបត្តិការអធិបតេយ្យភាពបន្ទាត់ព្រំដែន ដែលជាគោលនយោបាយសំខាន់មួយ។ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រី កាលពីខែធ្នូ ឆ្នាំ២០១៤កន្លងទៅនេះ លោក Morrison ត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច។
ក្រោយមកលោកត្រូវបានតម្លើងឋានៈ ជាហេរញ្ញិក នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ ខណៈដែលលោក Malcolm Turnbull ឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី ជំនួសលោក Tony Abbott។
នៅក្នុងខែសីហា ឆ្នាំ២០១៨ លោក Peter Dutton បានប្រជែងជាមួយលោក Turnbull ដើម្បីដណ្ដើមដំណែងមេដឹកនាំបក្សសេរីនិយម (Liberal Party)។ លោក Turnbull បានផ្តួល Dutton នៅក្នុងការបោះឆ្នោត ប៉ុន្តែភាពតានតឹងបានបន្តកើនឡើងជាបន្តបន្ទាប់។ ហេតុនេះគណបក្សបានសម្រេចបោះឆ្នោតជាលើកទីពីរ។ ជាអកុសលលោក Turnbull មិនត្រូវបានជ្រើសរើសក្លាយជាបេក្ខជនឈរឈ្មោះនោះឡើយ។ នៅក្នុងការបោះឆ្នោតលើកទីពីរ កេរ្តី៍ឈ្មោះលោក Morrison ហាក់មានភាពលេចឡើង រហូតអាចទម្លាក់លោក Dutton និង Julie Bishop ពីសង្វៀនប្រកួត រហូតក្លាយជាមេដឹកនាំគណបក្សសេរីនិយម និងនាយករដ្ឋមន្ត្រីរបស់ប្រទេស អូស្ត្រាលី។
៤៖ ដំណែងជានាយករដ្ឋមន្ត្រីអូស្ត្រាលី
សូមរំឮកបន្តិចថា ក្នុងការបោះឆ្នោតជាលើកទីមួយ លោក Dutton ទទួលបានការគាំទ្រ៣៨ សំឡេង ខណៈដែលលោក Morrison បាន៣៦ សំឡេង ចំណែកលោក Bishop បានទទួល១១ សំឡេង។ ប៉ុន្តែឈានដល់ការបោះឆ្នោតជាលើកទីពីរ លោក Morrison បែរជាទទួលបានគាំទ្ររហូតដល់៤៥ សំឡេង ខណៈដែលលោក Dutton ទទួលបានការគាំទ្រ៤០សំឡេង។ ទីបំផុតលោកបានក្លាយជាមេដឹកនាំគណបក្សសេរីនិយម និងជានាយករដ្ឋមន្ត្រីរបស់ប្រទេស អូស្ត្រាលី។ ជាមួយគ្នានេះដែរ លោក Josh Frydenberg ត្រូវបានគេជ្រើសតាំងជាអនុប្រធានបក្ស ជំនួសឱ្យលោក Bishop។ លោក Morrison ត្រូវបានមជ្ឈដ្ឋានទូទៅសម្លឹងឃើញថា ជាបេក្ខជនដែលមានជំនាញក្នុងការសម្រុះសម្រួលម្នាក់ ទើបទទួលបានការគាំទ្រច្រើន។ លោកបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នំា២០១៨កន្លងទៅនេះ៕