(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៨នេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជាគណៈអធិបតីភាពក្នុងពិធី​រៀបចំសែនក្រុងពាលី និងបុកគ្រឹះ សាងសង់អគារឥន្ទ្រទេវី នៅក្នុងរាជបណ្ឌិតសភាកម្ពុជា ដែលអគារនេះផងដែរ សាងសង់ឡើងក្នុងគោលបំណងបណ្តុះបណ្តាល និស្សិត ដើម្បីឱ្យចូលរៀនថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិតនៅទីនោះផងដែរ​។ ពិធីនេះក៏មាការចូលរួមពីមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់នៃរាជបណ្ឌិតសភាកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះលោកបណ្ឌិតសុខ ទូច បានឱ្យដឹងថា ការសាងសង់អគារឥន្ទ្រទេវីនេះ ធ្វើឡើមានគោលបំណង៣យ៉ាងសំខាន់ៗ ទី១៖ គឺបណ្តុះបណ្តាល ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត ហើយចំពោះថ្នាក់បរិញ្ញាបត្រភាសាចិន គឺមានការជួយគាំទ្រពីខាង​ហាន់ប៉ាន់ប្រទេស​ចិន​ ហើយចំពោះការបណ្តុះបណ្តាលនៅក្នុង​រាជបណ្ឌិតសភា ខុសពីការបណ្តុះបណ្តាលនៅតាមសកលវិទ្យាល័យផ្សេងៗ គឺរាល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក៏ដូចជាថ្នាក់បណ្ឌិត គឺត្រូវតែឆ្លងកាត់ការសរសេរនិក្ខេបបថ ដែលពាក់ព័ន្ធទៅនឹងអ្វីដែលកើតមាននៅក្នុងបរិបទថ្មី និង​អតីតកាល ។

ទី២៖ នឹង​ដាក់អគារឥន្ទ្រទេវីនេះ ជាកន្លែងមជ្ឈមណ្ឌលបកប្រែភាសាបរទេស មានន័យថារាល់ផលិតផលដែលនាំចូលមកដល់ស្រុកខ្មែរ ដែលសរសេរជាភាសាបរទេស​ យើងនឹងបង្កើតជាក្រុមមួយ ដើម្បីបកប្រែជាខេមរភាសា ដើម្បីឱ្យប្រជាជនសាមញ្ញគាត់អាចមើលយល់ និងអាចបានដឹងថាផលិតផលដែលគាត់បានប្រើនោះ វាមានធាតុផ្សំអ្វីខ្លះ? ទី៣៖ គឺដើម្បីប្រមូលផ្តុំបញ្ញាវ័ន្ត ឫបញ្ញាវ័ន្តដែលគាត់បានចូលនិវត្តន៍ហើយ ប៉ុន្តែគាត់ចង់បញ្ចេញស្នាដៃរបស់គាត់ គឺគាត់អាចមកបញ្ចេញបាននៅអគារឥន្ទ្រទេវីនេះ ហើយបង្កើតជាតុមូលបញ្ញាវ័ន្ត​ទាំងផ្នែកវិទ្យាសាស្រ្តពិត និង​សង្គម ដើម្បីឱ្យពួកគាត់បានបញ្ចេញនៅស្នាដៃរបស់ពួកគាត់បាន។

លោកបណ្ឌិត សុខ ទូច បានឱ្យដឹងទៀតថា អគារឥន្ទ្រទេវីនេះ​គឺធ្វើឡើងលើផ្ទៃដី ៤០ម៉ែត្រX២០ម៉ែត្រ កម្ពស់៤ជាន់ ដែលគ្រោងនឹង​ចំណាយថវិការប្រមាណ២លានដុល្លារអាមេរិច ហើយអគារនេះគឺជាការជួយរបស់អ្នកឧកញ៉ា ពុង ខៀវសែ ប្រធានសមាគមមិត្តភាពចិន-កម្ពុជា ដែលបានជួយដើម្បីឱ្យមានការរៀបចំការបណ្តុះបណ្តាល ផ្នែកបរិញ្ញាបត្រជាន់ខ្ពស់ ក៏ដូចជាថ្នាក់បណ្ឌិត។ អគារក្នុងរាជបណ្ឌិតសភានេះដែរ គឺធ្វើឡើងដោយមិនប្រកាន់និន្នាការរបស់នយោបាយនោះទេ គឺដើម្បីឱ្យអ្នកប្រាជ្ញទាំងអស់មកបង្ហាញសមត្ថភាពសម្រាប់ជួយដល់ប្រជាជន ​​និង​មាតុភូមិ​ ដោយមិនគិតថា មកពីគណបក្សណានោះទេ គឺមកទីនេះបញ្ឈប់គណបក្ស គឺធ្វើអ្វីសម្រាប់តែប្រទេសជាតិ​ និងសង្គម។

លោកបណ្ឌិត បានបន្តទៀតថាអគារឥន្ទ្រទេវី គឺវាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ប្រទេស​កម្ពុជា​ ពីព្រោះតែអគារនេះ មិនមែនតែសម្រាប់បុគ្គលម្នាក់នោះទេ គឺសម្រាប់យុវជន ប្រជាជន​ ដែលមានបំណងសិក្សាស្រាវជ្រាវ មានបំណងចង់បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រភាសាចិន ឫថ្នាក់បណ្ឌិត ​ពួកគាត់អាចមកសិក្សាស្រាវជ្រាវបាននៅអគារឥន្ទ្រទេវីនេះ ដែលនៅទីនោះគឺជាបណ្តុំនៃបញ្ញាវ័ន្តតែម្តង ហើយបើសិនជាអាចនោះ នឹងអាចធ្វើជាបណ្តាល័យប្រសិនបើជាការស្រាវជ្រាវ កាន់តែមានកម្រិតខ្ពស់ ហើយឯកសារកាន់តែច្រើននោះផងដែរ៕