(កំពង់ធំ)៖ សន្និបាទបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កន្លងទៅ មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ៨០% ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតតាមឆន្ទៈរៀងៗខ្លួន ដោយគ្មានការបង្ខិតបង្ខំ។
សន្និបាតបូកសរុបនេះ ធ្វើឡើងក្រោមអធិបតីភាពលោក សុខ ហៃ អភិបាលរងខេត្តកំពង់ធំ និងលោក ប្រែង សាវុធ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ធំ (PEC) ដោយមានការចូលរួមពីតំណាងអាជ្ញាធរដែនដី តំណាងគណបក្សនយោបាយ តំណាងអង្គការក្រៅរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីពាក់ព័ន្ធជាង៥០០នាក់។
លោក លួង សូនី អនុប្រធាន PEC ខេត្តកំពង់ធំ បានបញ្ជាក់ពីដំណើរការរៀបចំការបោះឆ្នោត មានដំណាក់កាលជាជំហានៗតាមប្រតិទិនកំណត់ ជាពិសេសដំណើរការឃោសនាបោះឆ្នោត ដែលមានរយៈពេល១៤ថ្ងៃ ក្នុងនោះមានការរៀបចំបញ្ជីឈ្មោះបោះឆ្នោត ការទទួលអ្នកសង្កេតការបោះឆ្នោត ការចែកប័ណ្ណព័ត៌មានការបោះឆ្នោត ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។
បន្ទាប់ពីការឡើងធ្វើបទអន្តរាគមន៍របស់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមតិចូលរួមពីរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ពីគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ទាក់ទងនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួចមក។
លោក ប្រែង សាវុធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានឱ្យដឹងថា បើពិនិត្យជារួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិនេះ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង និងមានបរិយាកាសល្អប្រសើរជាងការបោះឆ្នោត នាពេលកន្លងទៅ ប្រជាពលរដ្ឋ ៨០% ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានទៅបោះឆ្នោតជូនគណបក្សនយោបាយ តាមការសម្រេចចិត្ត និងឆន្ទៈរៀងៗខ្លួនដោយគ្មានការបង្ខិតបង្ខំ។
លោកបញ្ជាក់ទៀតថា អ្នកចុះឈ្មោះបោះឆ្នោតអាយុ១៨ឆ្នាំឡើង ៣៨៤,៧៥៩នាក់ ប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួន ៣១១,៦៣៤នាក់ ស្មើនឹង ៨០.៩៩% សន្លឹកឆ្នោតបានការសរុប ២៩០,៤៤១ សន្លឹកឆ្នោតមិនបានការសរុប ២១,១៩៣ មាន៨១ឃុំ-សង្កាត់ មានការិយាល័យបោះឆ្នោតចំនួន ១,១០៤ការិយាល័យ គណបក្សដែលបានឈរឈ្មោះបោះឆ្នោតមាន១៧គណបក្ស។
លោក សុខ ហៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិក និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រដ្ឋបាលក្រុងស្រុក កងងម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំប្រឹងប្រែងក្នុងការធានាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលក្នុងការបំពេញការងារ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិ៦ ប្រព្រឹត្តទៅដោយរលូន។
លោកបានថ្លែងអំណរគុណដល់តំណាងគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានរួមគ្នាអនុវត្ត និងប្រតិបត្តិតាមច្បាប់ បទបញ្ជា នីតិវិធិក្រមសីលធម៌បានល្អប្រសើរ បើទោះបីជាមានបញ្ហា និងភាពមិនប្រក្រតីបន្តិចបន្តួចក៏ដោយ ប៉ុន្តែជាទូទៅដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក្នុងមូលដ្ឋានខេត្តកំពង់ធំ ត្រូវបានវាយតម្លៃខ្ពស់ និងចាត់ទុកថាបានប្រព្រឹត្តទៅដោយជោគជ័យ៕