(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ បានដាក់ចេញនូវយុទ្ធសាស្ដ្រការងារ ដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃស្រុកជើងព្រៃ ទៅលើការគ្រប់គ្រង ពង្រឹង និងពង្រីក ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលា កាន់តែប្រសើរ និងមានប្រសិទ្ធិភាពជាងមុន ទៅតាមតំរូវការ។

ការថ្លែងដូច្នេះរបស់លោកបណ្ឌិត ម៉ា ឈឿន ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចក្រុមការងារ គ្រប់គ្រង ពង្រឹង និងពង្រីក គណបក្សស្រុកជើងស្រុក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅសាលាស្រុកជើងព្រៃ ។

ក្នុងឱកាសនោះ តំណាងរាស្ដ្រ ម៉ាឈឿន បានថ្លែងថា «ដើម្បីឲ្យការងារកាន់តែប្រសិទ្ធិភាពខ្ពស់ យើងបានបង្កើតក្រុមការងារពិសេស ដើម្បីដំណើរការផែនការ គ្រប់គ្រងសមាជិកបក្ស និងបណ្ដុះបណ្ដាល ពង្រឹងគោលជំហរ ទទួលឆន្ទៈសមាជិកបក្ស និងពង្រីកសមាជិកបក្ស ដើម្បីឲ្យរឹងមាំទាំងបរិមាណ និងគុណភាព ។គោលបំណងសំខាន់ៗចំនួន៣គឺ៖ គ្រប់គ្រង ពង្រឹង និងពង្រីក ក្នុងនោះមានភារៈកិច្ចចំនួន១០ និងទិសដៅ ដើម្បីបម្រើឲ្យគ្រប់ការបោះឆ្នោត ទាំងបោះឆ្នោត ឃុំ និងសកល ឲ្យទទួលបានជ័យជំនៈជូនបក្សរបស់យើង មិនមែនតែអាណត្ដិទី៦នេះទេ គឺនៅអាណតិ្ដក្រោយៗទៀត»

តំណាងរាស្ដ្រម៉ាឈឿន បានថ្លែងបន្ដថា «ដើម្បីបង្កើនការងារ ឲ្យបានខ្លាំងជាងមុន ល្អជាងមុន លឿនជាងមុន នៅមូលដ្ឋានស្រុកជើងព្រៃរបស់យើង គឺត្រូវគ្រប់គ្រងស្ថានការណ៍ការងារឲ្យបានច្បាស់លាស់ ទៅលើប្រជាជន នៅតាមភូមិ ឃុំ និងស្រុកឲ្យបានត្រឹមត្រូវ, បន្ដពង្រឹងការងារតាមយន្ដការអប់រំសតិអារម្មណ៍ អប់រំគោលជំហរ ទស្សនៈ ឲ្យគេយល់ច្បាស់លាស់ពីមាគ៌ានយោបាយរបស់បក្សយើង ពិសេសបង្ហាញឲ្យគេដឹងថា សារជាតិគណបក្សប្រជាជនកម្ពុជាយើង ឥតប្រកាន់នូវនិន្នាការនយោបាយទេ ។លើសពីនោះ ក៏ត្រូវអប់រំឲ្យគេយល់ពីពួកអមិត្ដ ដើម្បីដឹងច្បាស់ថា ពួកទាំងនោះមានឧបាយកលអ្វីខ្លះ ។​ទន្ទឹងនឹងនោះ ត្រូវរក្សាសមាជិកចាស់ឲ្យគង់វង្សរឹងមាំល្អ និងបន្ថែមសមាជិកថ្មី ពិសេសស្រទាប់យុវវ័យ ដោយសង្គត់ធ្ងន់លើគុណភាពជាចម្បង»

ទន្ទឹមនឹងនោះ លោកបណ្ឌិតម៉ាឈឿន ក៏បានលើកទិសដៅជាច្រើនចំណុចសំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃស្រុកជើងព្រៃ រួមមាន៖
*ការបង្កើតការងារ គ្រប់គ្រង ពង្រឹង ពង្រីក សមាជិកបក្ស
*បន្ដចុះចិញ្ចឹមចលនា
*បន្ដដោះស្រាយសំណូមពរ របស់ប្រជាជន, កម្មករ, និវត្ដន៍ជន, និងមន្ដ្រីរាជការ
*ពង្រឹងការអនុវត្ដគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព និងរួមចំណែកការពារសុវត្ថិភាព
*ទប់ស្កាត់ក្រុមសហជីពមួយចំនួនតូច ដែលបន្ដយកលុយ កម្មករ កម្មការិនីក្នុងរោងចក្រ
*ពង្រឹងកម្លាំងនគរបាល, កម្លាំងកងរាជអាវុធហត្ថ, និងកម្លាំងយោធា
*បន្តចុះទៅកាន់មូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់បំផុត ប្រសើរជាងមុន មានភាពទូលំទូលាយជាងមុន និងឲ្យមានប្រសិទ្ធភាពជាងមុន។

ព្រមជាមួយគ្នានោះ លោកបណ្ឌិត ក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវយចិត្តទុកដាក់បន្ថែមទៀត ក្នុងការធ្វើអំពើល្អ ផ្តល់សេវាសាធារណៈឲ្យបានកាន់តែល្អ ពង្រឹងណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខ នៅក្នុងមូលដ្ឋានយើងផងដែរ ៕