(បាត់ដំបង)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា បើប្រទេសជាតិគ្មានសុខសន្តិភាព គឺសមិទ្ធផលនានារបស់ជាតិ រួមទាំងសមិទ្ធផលសាសនា ក៏មិនអាចកើតឡើងព្រោងព្រាតពេញផ្ទៃប្រទេសដូចសព្វថ្ងៃនេះដែរ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីសម្ពោធព្រះវិហារឥស្លាមនៅភូមិក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ព្រះវិហារដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានទំហំ ទទឹង១៦ម៉ែត្រ និងបណ្តោយ២២ម៉ែត្រ ចំណាយថវិកាសរុប៦៥,២៣៨ដុល្លាអាមេរិក ជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ី។
លោក អូស្មាន ហាស្សាន់ បញ្ជាក់ទៀតថា សន្តិភាព ដែលកំពុងមាននៅព្រះរាជាណាចក្រកម្ពុជា គឺមិនមែនមានដោយចៃដន្យនោះទេ តែវាជាស្នាដៃនៃការលះបង់ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងលំបាកវេទនាជាទីបំផុតនៃវីរជន និងឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទម្រាំទទួលបាននូវអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ជនរួមជាតិ និយាយដោយឡែកប្រជាពលរដ្ឋស្រុកបាណន់ ដែលបានចូលរួមនាំយកជ័យជម្នះជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទោផនេះ វាជាការចូលរួមរបស់ជនរួមជាតិ ក្នុងការកសាង និងថែរក្សាសន្តិភាពជូនខ្លួនឯង ជូនប្រទេសជាតិទាំងមូលដើម្បីបន្តទទួលបាននូវការអភិវឌ្ឍរីកចម្រើនតទៅមុខទៀត៕