(កំពង់ចាម)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហការី នៅថ្ងៃទី២៦ ខែសីហានេះ បាននាំយកអំណោយជាអង្ករ និងស្បៀងមួយចំនួនទៀតទៅចែកជូនប្រជាពលរដ្ឋកំពុងរងគ្រោះទឹកជំនន់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រី និងសហការី បាននាំយកអង្ករចំនួន៧០តោន និងមីចំនួន២៧៤២កេស យកមកជូនពលរដ្ឋដែលជួបគ្រោះទឹកជំនន់នៃឃុំទាំង៤ គឺឃុំហានជៃ ឃុំរំចេក, ឃុំកៀងជ្រៃ និងឃុំកោះមិត្ត ស្រុកកំពង់សៀម សរុបចំនួនជាង៣ពាន់នាក់។
អំណោយអង្ករនេះ គឺជាជំនួយឧបត្តម្ភរបស់សាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូកបី ហៅកាត់ថា APTERR (ASEAN Plus Three Emergency Rice Reserve)។
ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរសូមជួយចែករំលែក នូវសេចក្តីទុក្ខលំបាករបស់ពលរដ្ឋរងគ្រោះនៅ ទូទាំងស្រុកកំពង់សៀម ហើយសម្តេចបានជូនពរឲ្យជួបតែពុទ្ធពរទាំង៤ប្រការ។
លោករដ្ឋមន្ត្រីបានអំពាវនាវ ដល់ប្រជាពលរដ្ឋក្រោយពេលទឹកស្រក ត្រូវខិតខំស្តារផលិតកម្មដំណាំឡើងវិញ តាមដែលអាចធ្វើទៅ បានដើម្បីចៀសវាងនូវបញ្ហាសន្តិសុខស្បៀង ហើយអគ្គនាយកដ្ឋានកសិកម្ម ក៏ដូចជាមន្ទីរកសិកម្ម ត្រូវខិតខំឲ្យអស់លទ្ធភាព ដើម្បីជួយប្រជាពលរដ្ឋតាមរយៈបច្ចេកទេស និងគ្រាប់ពូជដំណាំ។
ក្នុងឱកាសចុះចែកអំណោយស្បៀងនោះដែរ លោករដ្ឋមន្ត្រីបានចូលពិនិត្យ និងសួរសុខទុក្ខគ្រួសារ ដែលទទួលរងភ្លើងឆេះផ្ទះ ដោយសារឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី២៥ ខែសីហា នៅឃុំរអាង ស្រុកកំពង់សៀម។ ដើម្បីជួយរំលែកនូវសេចក្តីទុក្ខ របស់គ្រួសាររងគ្រោះ លោកបានជួយឧបត្ថម្ភថវិកាមួយគ្រួសារ១លានរៀល ហើយបានណែនាំឲ្យប្រធានក្រុមការងារចុះជួយឃុំ ចុះមកពិនិត្យ និងវាយតម្លៃពីការខូចខាតជាក់ស្តែង រួចជួយដោះស្រាយតាមលទ្ធភាពជាក់ស្តែង៕