(កំពង់ស្ពឺ)៖ ពានរង្វាន់លេខ១ សម្រាប់ស្រុកដែលមានសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនជាងគេ​ នៅទូទាំងខេត្តកំពង់ស្ពឺនោះ បានទៅលើស្រុកឧដុង្គ ដែលជាស្រុកមានប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនគេ។

ក្រោយពីស្វែងរកស្រុកជ័យលាភីឃើញហើយ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានដឹកនាំក្រុមការងារគណបក្ស ធ្វើពិធីប្រគល់ពានរង្វាន់លេខ១ទូទាំងខេត្តកំពង់ស្ពឺ ជូនសមាជិកគណបក្សប្រជាជនកម្ពុជាស្រុកឧដុង្គ រួមទាំងពិសាអាហារសាមគ្គីជាមួយគ្នាទៀតផង។

លោក ហ៊ុន ម៉ានី បានលើកឡើងដោយមោទនភាពថា លើពិភពលោកមានតែប្រទេសកម្ពុជាមួយគត់ ដែលមានប្រជាជនទៅបោះឆ្នោតច្រើនជាងគេ ក្នុងខណៈក្រុមបក្សប្រឆាំងបានធ្វើយុទ្ធនាការមិនឱ្យប្រជាជនទៅបោះឆ្នោត ដូចជា យុទ្ធនាការដេកផ្ទះឈ្នះស្អាត ដេកផ្ទះឈ្នះឯង ម្រាមដៃស្អាត។ល។ ប៉ុន្តែប្រជាពលរដ្ឋមិនបានធ្វើតាមឡើយ បែរជាទៅបោះឆ្នោតដ៏ច្រើនលើសលុប។

ចំពោះសន្លឹកឆ្នោតខូចច្រើន ដែលបក្សប្រឆាំងតែងលើកយកមកបរិយាយនោះ លោក ហ៊ុន ម៉ានី បានបំភ្លឺថា នេះហើយជាសេរីភាពរបស់ប្រជាពលរដ្ឋក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិប្បតេយ្យពិតៗ តាមរយៈការបញ្ចេញមតិ និងសិទ្ធិក្នុងការគូសសន្លឹកឆ្នោតរបស់គាត់។

លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជាមាន ១២៥កៅអី នៅក្នុងរដ្ឋសភា ដែលជាអ្នកចុះពង្រឹងប្រឹងបែកញើសហូរញើស បន្ទាប់ពីទទួលជ័យជម្នះដ៏លើសលុបនេះ រដ្ឋបាលគ្រប់លំដាប់ថ្នាក់ត្រូវបម្រើប្រជាជនទ្វេដង ដើម្បីឱ្យពលរដ្ឋមានជម្រើសច្រើនមកលើគណបក្សប្រជាជន និងទទួលបានគោលនយោបាយដ៏ត្រឹមត្រូវពីគណបក្សប្រជាជន។ ចំណែកមន្ត្រីបក្សទាំងអស់ត្រូវខំប្រឹងប្រែងធ្វើការដើម្បីប្រជាជន កុំចាំឱ្យគេរិះគន់ទើបធ្វើនោះទេ។

លោក អ៊ុក កោសា អនុប្រធានក្រុមការងារដែលទទួលបានជោគជ័យបានប្ដេជ្ញាចិត្តថា និងបន្តចុះជួយពលរដ្ឋនៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្មទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហាតម្រូវការជាក់ស្តែង និងចាំបាច់ជាបន្តបន្ទាប់តាមអាទិភាព និងលទ្ធភាពជូនពលរដ្ឋ។

លោក អ៊ុក កោសា បានបន្តថា ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តគោលនយោបាយទាំង៩ចំណុច របស់គណបក្សប្រជាជនឱ្យបានល្អប្រសើរ។ បន្តអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈគ្រប់បែបយ៉ាងជូនប្រជាពលរដ្ឋ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិ៕