និស្សិតខ្មែរនៅខេត្តកំពង់ចាម៦នាក់ នឹងត្រូវបញ្ជូនទៅសិក្សានៅចិន ក្រោមការជ្រោមជ្រែងពីសាកលវិទ្យល័យ UME
26-08-2018 14:22
(កំពង់ចាម)៖ ក្រោមការជួយជ្រោមជ្រែងពីសាកលវិទ្យល័យ UME ខេត្តកំពង់ចាម ក្រុមនិស្សិតខ្មែរចំនួន៦នាក់ នឹងត្រូវបញ្ជូនទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ ជាមួយនឹងក្ដីសង្ឃឹមពីសំណាក់លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងនៃសាកលវិទ្យល័យ UME ថាពួកគេនឹងប្រើចំណេះដឹងពីការសិក្សានេះ ត្រឡប់មកអភិវឌ្ឍមាតុប្រទេសរបស់ខ្លួនវិញ។
ការបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំបែបនេះ ត្រូវបានលើកឡើងក្នុងឱកាសលោក មួន វាសនា ចុះជួបសំណេះសំណាលជាមួយមាតាបិតា និងនិស្សិត នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាម។
លោកបានថ្លែងថា នៅចន្លោះពីថ្ងៃទី១១-១៤ ខែសីហា កន្លងទៅថ្មីៗនេះ លោកបានដឹកនាំគណៈប្រតិភូទៅទស្សនសិក្សានៅខេត្តហៃណាំ ប្រទេសចិន ហើយបន្ទាប់មកខាងសាកលវិទ្យល័យ UME ក៏បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយវិទ្យាស្ថានភាសារបរទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តហៃណាំ ប្រទេសចិន។ ជាលទ្ធផល សាកលវិទ្យាល័យ UME ក៏បានផ្តល់ឱកាសឱ្យនិស្សិតចំនួន ៦នាក់ ក្នុងនោះបុគ្គលិកចំនួន ២នាក់ បានចេញទៅបន្តការសិក្សានៅប្រទេសចិន ហើយដំណើរការសិក្សានោះលោកបានរំពឹងទុកថា និស្សិតទាំងអស់ នឹងទទួលបានចំណេះដឹង ដើម្បីយកមកកសាងជីវភាពគ្រួសារ និងកសាងអភិឌ្ឍប្រទេសកម្ពុជាផងដែរ។
លោក មួន វាសនា បានបញ្ជាក់ថា និស្សិតដែលទៅបន្តការសិក្សានៅប្រទេសចិននេះ មិនមែនទៅគ្រាន់តែរៀនភាសារចិនប៉ុណ្ណោះទេ គឺពួកគេអាចសិក្សាទៅតាមមុខជំនាញដែលចង់រៀន ដូចនៅប្រទេសកម្ពុជាដូច្នោះដែរ ហើយចំពោះនិស្សិតដែលរៀនផ្នែកបដិសណ្ឋារកិច្ច គឺខាងធនាគារឱ្យខ្ចីលុយដើម្បីទិញសម្ភារសិក្សា។
លោក មួន វាសនា បានបន្តថា ទៅថ្ងៃមុខ សមភាគីចិនក៏មានគម្រោងបញ្ជូនបុគ្គលិកចុះមកធ្វើទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យ UME ខេត្តកំពង់ចាមដែរ ដើម្បីពង្រីកទំនាក់ទំនងឱ្យក្រុមនិស្សិតស្វែងយល់ពីគ្នាទៅវិញទៅមក អំពីវប្បធម៌-អរិយធម៌រវាងប្រទេសចិន និងកម្ពុជា។ ចំណែក លោក យ៉ាង ស៊ែឈាន នាយករងវិទ្យាស្ថានភាសារបរទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តហៃណាំ ប្រទេសចិន បានគាំទ្រឱ្យមានមជ្ឈមណ្ឌលសិក្សាភាសាចិននៅសាកលវិទ្យាល័យ UME ព្រោះថា បើពេលក្រោយមាននិស្សិតត្រូវបានចេញទៅសិក្សាបន្តទៅប្រទេសចិននោះ គឺចេះភាសារចិនស្រាប់តែម្តង៕