(បន្ទាយមានជ័យ)៖ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ឲ្យដឹងថា ដីស្រែដែលខូចខាតនៅខេត្តបន្ទាយមានជ័យ មានត្រឹមតែ៥ហិចតាប៉ុណ្ណោះ។
មូលហេតុដែល លោកលើកឡើងបែបនេះ ព្រោះមានសេចក្តីរាយការណ៍មកថា មានគ្រោះរាំងស្ងួតនៅក្នុងឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យមានការខូចខាតស្រូវរបស់ប្រជាពលរដ្ឋ ជាច្រើនរាប់សិបហិចតា។
លោកប្រធានបានឲ្យដឹងថា ជាក់ស្តែងថ្ងៃនេះ រូបលោក និងមន្ត្រីមន្ទីរធនធានទឹក ព្រមទាំងភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ បានចុះទៅពិនិត្យផ្ទាល់។ ឆ្លងតាមការសម្ភាសន៍ប្រជាកសិករ និងការពិនិត្យឃើញផ្ទាល់ ក្រុមការងារចុះពិនិត្យ ក៏បានវាយតម្លៃថា ស្រូវស្រែប្រជាពលរដ្ឋ ដែលខូចខាតមានប្រមាណត្រឹមតែ ៥ហិចតាប៉ុណ្ណោះ។
បើតាមលោក យឹម ប៊ុនរ៉ុម កន្លងមកមានស្រូវដែលរងនូវការប៉ះពាល់ ដោយសារខ្វះទឹកប្រមាណ១២០០ហិចតា ប៉ុន្តែដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់មក ស្រូវទាំងនោះចាប់ផ្តើមងើបមកវិញ។ លោកបន្តថា ដោយសារស្រែរបស់ពួកគាត់អត់មានភ្លឺ ហើយនៅតំបន់នោះ ស្ថានភាពដីខ្ពស់ជាងគេ ដូចនេះទឹកមិនអាចដក់បានទេ ផ្ទុយទៅវិញ បើស្រែមានភ្លឺ នឹងមិនមានការប្រឈមឡើយ ។
លោក យឹម ប៊ុនរ៉ុម បន្តថា ជាសរុបមក មានស្រូវស្រែតែ ៥ ហិកតា ប៉ុណ្ណោះដែលខូចខាត ហើយមន្ទីរក៏បានឧបត្ថម្ភពូជដល់ម្ចាស់ស្រែទាំង ៥ ហិកតានោះរួចរាល់ហើយដែរ៕