(កណ្តាល)៖ លោក ម៉ម ប៊ុននាង បានលើកឡើងថា ការបើកការដ្ឋានសាងសង់ផ្លូវ នៅឃុំកំពង់ស្វាយ ខេត្តកណ្តាលនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបង្ហាញអំពីការរីកចំរើននៃប្រទេសជាតិ ប្រកបដោយសុខសន្តិភាព និងបង្ហាញឲ្យ ឃើញពីការយកចិត្តទុកដាក់របស់អាជ្ញាធរ និងរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅមូលដ្ឋានជូនដល់បងប្អូនប្រជាពលរដ្ឋ។
ការលើកឡើងរបស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានធ្វើឡើងខណៈ លោក អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ។
នៅក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទូទាំងឃុំកំពង់ស្វាយ ដែលបានអញ្ជើញ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។
លោក បានបន្តថា ហើយការកសាងផ្លូវនេះគឺមានសារៈសំខាន់ខ្លាំងណាស់ចំពោះបងប្អូនប្រជាពលរដ្ឋ កសិករ ឬ អាជីវករ អាចដឹកទំនិញបានងាយស្រួល និងសម្រួលដល់ការធ្វើចរាចរណ៏ឱ្យមានភាពងាយស្រួលជាងមុនបន្ថែមទៀត។
លោកបានបញ្ជាក់ថា ដោយមើលឃើញពីសេចក្តីត្រូវការ និងដើម្បីជាការតបស្នងចំពោះប្រជាពលរដ្ឋ ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន លោកបានសាងសង់ផ្លូវ ១ខ្សែ មានបណ្តោយ ១១១០ ម៉ែត្រ ទទឹង៤ម៉ែត្រ ក្រាលថ្មមិចកំរាស់១តឹក ដោយឆ្លងកាត់ភូមិចំនួន០២គឺភូមិកំពង់ស្វាយ និងភូមិព្រែកដូង២។
ជាមួយគ្នានោះ លោក ម៉ម ប៊ុននាង ក៏បានក្រើនរំឭកឱ្យក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាសាធារណៈឱ្យបានល្អជូនដល់ប្រជាពលរដ្ឋ ដូចជាជួយសម្រួលដល់ការធ្វើឯកសារគតិយុត្តិផ្សេងៗនៅមូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណ អាត្រានុកូលដ្ឋាន សំបុត្រកំណើត និងសំបុត្រមរណភាពជាដើម។ មន្ត្រីអនុវត្តន៍ការងារទាំងអស់ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរបស់ជាពលរដ្ឋឡើយ ដូច្នេះមិនត្រូវទារលុយបន្ថែមពីប្រជាពលរដ្ឋនោះទេ។
ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភារូបនេះ ក៏បានបញ្ជាក់ថា មន្ត្រីគ្រប់រូបត្រូវខិតខំបំពេញការងារជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងពន្លឿនការងារឱ្យបានឆាប់រហ័ស ទើបអាចឆ្លើយតបទៅនឹងការអនុវត្តការផ្តល់សេវាសាធារណៈមានប្រសិទ្ធភាព មានតែរាជរដ្ឋាភិបាលនាបច្ចុប្បន្នតែមួយប៉ុណ្ណោះ ដែលបានផ្សារភ្ជាប់រួមសុខ រួមទុក្ខជានិច្ចជាមួយប្រជាជន និងថែរក្សាសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងបូរណភាពទឹកដីពេញលេញប្រកបដោយមោទនភាព។
ជាពិសេសបន្តអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចំរើនលើគ្រប់វិស័យជាបន្តបន្ទាប់ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត សាលារៀន មន្ទីរពេទ្យ អណ្តូងទឹក ភ្លើងអគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ និងវត្តអារាមជាដើម។
លោក ម៉ម ប៊ុននាង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានខិតខំពង្រឹងសាមគ្គីភាពជាតិទាំងមូល គោរពរដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម លើកស្ទួយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាការគោរពសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម។ ការពារឯករាជ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងសន្តិសុខរបស់ជាតិឱ្យរឹងមាំ ស្ថិតស្ថេរគង់វង្ស អភិវឌ្ឍសេដ្ឋកិច្ចឱ្យសម្រេចបានកំណើនក្នុងរង្វង់៧%ក្នុង១ឆ្នាំ ប្រកបដោយចីរភាព បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចដោយសមធម៌ និងកាត់បន្ថយអត្រាភាពក្រីក្រឱ្យបានជាង១%ក្នុង១ឆ្នាំ ផ្តល់សេវាសាធារណៈនៅគ្រប់ថ្នាក់ជូនប្រជាជនប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងងាយស្រួលរក្សាសុវត្ថិភាពឃុំ សង្កាត់ឱ្យបានល្អ និងរឹងមាំ។
ក្រៅពីការក៏សាងផ្លូវមួយខ្សែនេះ លោក ក៏បានឧបត្ថមថ្មមិចចំនួន០៥ឡានបន្ថែមទៀត ដើម្បីចាក់បំពេញផ្លូវខូចខាតចូលទៅ កំពង់ចម្លងទូកដរ និងផ្លូវចូលទៅផ្ទះប្រជាពលរដ្ឋ ព្រមទាំងនាំយកសារ៉ុងមកចែកជូនប្រជាពលរដ្ឋចំនួន ១៥០នាក់ដោយក្នុង ម្នាក់ៗទទួលបានសារ៉ុង ០១ និងនាំយកថវិការចូលរួមរំលែកទុក្ខក្រុមគ្រួសារសពចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន១០ម៊ឺនរៀល ដែលចំណាយថវិកាសរុបចំនួន ៤៨.៨៤០.០០០ រៀល៕