(ព្រះសីហនុ)៖ ជនជាតិចិន ចំនួន១៨នាក់ ដែលធ្វើសកម្មភាពជំរិតទារប្រាក់តាមអ៊ីនធឺណិត នៅក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវ និងបង្ក្រាបបាន។
ក្រុមប្រតិបត្តិការស៊ើបអង្កេត និង អនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក គៀង សុន្ទរោ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះធ្វើការឆែកឆេរទីតាំងវីឡាគ្មានលេខមួយកន្លែងស្ថិតនៅក្រុមទី៤៤ ភូមិទី៥ ផ្លូវលេខ៨១០ ក្រុងពះសីហនុ ខេត្តព្រះសីហនុ នាវេលាម៉ោង០១៖៣០នាទីរសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយឃាត់ជនជាតិចិនចំនួន១៨នាក់ ពាក់ព័ន្ធជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត (VOIP)។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាននៅរសៀលថ្ងៃទី២៦ ខែសីហា នេះ បានឲ្យដឹងថា ក្រុមប្រតិបត្តិការនេះ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល សហការជាមួយនគរបាលខេត្ត ជាលទ្ធផលដោយបង្ក្រាបជនជាតិចិនបានចំនួន១៨នាក់ប្រុស (ក្នុងនោះចិនតៃវ៉ាន់២នាក់), ឡេបថប៣៥គ្រឿង, ទូរស័ព្ទដៃ៤៤គ្រឿង,លិខិតឆ្លងដែនចំនួន១៣ក្បាល។
លោកឧត្តមសេនីយ៍បានបន្តថា ជនជាតិចិនទាំង១៨នាក់ខាងលើ ត្រូវបានកម្លាំងមានសមត្ថកិច្ចដឹកជញ្ជូនមក រាជធានីភ្នំពេញទាំងយប់ ដើម្បីយកមកសាកសួរនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍បន្តនីតិវិធី៕