(កំពង់ចាម)៖ លោកឧកញ៉ា លី វាសនា ប្រធានមូលនិធិមូស្លីមកម្ពុជា និងលោកស្រីដាតុ ម៉ាន ម៉ារីយ៉ាន បានទទួលជួបការសម្តែងការគួរសម និងសួរសុខទុក្ខនាឱកាសថ្ងៃ រ៉យ៉ាហាជ្ជី ជាមួយលោកឧកញ៉ាដាតុ ម៉ូហាំម៉ាត់ យូសុះ (Datuk Mohamad Yusof) ប្រធានថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៃរដ្ឋ Negeri Sembilan ប្រទេសម៉ាឡេស៉ី រួមជាមួយនិងលោកស្រី Dato' Datin ថ្នាក់ដឹកនាំមួយចំនួននៃរដ្ឋ Negeri Sembilan ប្រទេសម៉ាឡេស៉ី។
ការជួបជុំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម នាថ្ងៃបញ្ចប់ពិធីបុណ្យ រ៉យ៉ាហាជ្ជី, អៃឌីលអាត់ហា ឆ្នាំ១៤៣៩ មូហាំម៉ាត់សករាជ ឆ្នាំ២០១៨ (Raya Hajji Aidul Adha) នៅគេហដ្ឋានផ្ទាល់របស់លោកឧកញ៉ា លី វាសនា។
ក្នុងជំនួបដែលពោពេញ ទៅដោយបរិយាកាសរីករាយនេះ លោកឧកញ៉ា និងលោកស្រីដាតុ ម៉ាន ម៉ារីយ៉ាន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូទាំងអស់។ បន្ទាប់មកភាគីទាំងពីរ បានពិភាក្សាអំពីការមនុស្សធម៌ និងការងារអភិវឌ្ឍន៍សហគមន៍ និងការអប់រំនៅកម្ពុជាមួយចំនួនផងដែរ។
លោកឧកញ៉ា និងលោកស្រីដាតុ ម៉ាន ម៉ារីយ៉ាន បានសម្តែងការការត្រេកអរ និងអរគុណដល់លោកឧកញ៉ាដាតុ ម៉ូហាំម៉ាត់ យូសុះ និងលោកស្រី Dato' Datin ដែលជាថ្នាក់ដឹកនាំដែលបានអមដំណើរនេះ ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នៅកម្ពុជា ជាច្រើនកន្លងមក ជាពិសេសបានអភិវឌ្ឍន៍ កសាងសមិទ្ធផលជាច្រើននៅខេត្តកំពង់ឆ្នាំង និងខេត្តផ្សេងៗ មានដូចជាសាលារៀនម៉ាស្ជិទ ជាដើម។
លោកឧកញ៉ា និងលោកស្រីដាតុ ម៉ាន ម៉ារីយ៉ាន ក៏បានស្នើដល់លោកឧកញ៉ាប្រធានគណៈប្រតិភូ ឲ្យបន្តចូលរួមក្នុងសកម្មភាពការងារមនុស្សធម៌ នៅកម្ពុជាបន្តទៀតផងដែរ។
លោកឧកញ៉ាដាតុ ម៉ូហាំម៉ាត់ ក៏បានអរគុណដល់ការស្វាគមន៍របស់លោកឧកញ៉ា លី វាសនា និងលោកស្រីដាតុ ម៉ាន ម៉ារីយ៉ាន វិញផងដែរ ជាពិសេសបានសម្តែងការអរគុណជាអណេក និងសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលកំពុងតែអភិវឌ្ឍប្រទេសកម្ពុជា ដោយមិនប្រកាន់ជាតិសាសន៍ និងសុខសន្តិភាព អាចឲ្យលោកបានបានមកចូលរួមចំណែក ក្នុងសកម្មភាពមនុស្សនានាបាន។
លោកឧកញ៉ាដាតុ ម៉ូហាំម៉ាត់ យូសុះ ប្រធានគណៈប្រតិភូបានមានប្រសាស៍ថា លោកនឹងនៅតែបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌នានា ដើម្បីចូលរួមអភិវឌ្ឍសហគមន៍ ជាពិសេសក្នុងវិស័យអបរំ៕