(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីក្រុងពាលីសាងសង់អាស្រមថ្មីជូនអ្នកតាម្ចាស់ស្រុក ដែលអ្នកស្រុកគោរពបូជាជាទីសក្ការ និងតែងហៅថា «លោកតាគង់ យាយដើង» នៅខាងក្រោយស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា អាស្រមថ្មីលោកតាគង់ យាយដើង ដែលនឹងសាងសង់ថ្មីនៅលើទីតាំងចាស់នេះ គឺជាការផ្ដួចផ្ដើមការសាងសង់ដោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងលោកអភិបាលខេត្ត ម៉ែន វិបុល ដើម្បីរៀបចំទីតាំងនេះ ឱ្យបានស្អាតល្អជាទីសក្ការបូជា សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តអុចធួបបួងសួងសុំសេចក្ដីសុខសប្បាយ។

មន្ត្រីដដែលបានបញ្ជាក់ទៀតថា មូលហេតុដែលនៃឱ្យមានការសាងសង់អាស្រមថ្មីនេះ ព្រោះដោយសារនាពេលកន្លងមកនេះ ពេលមានពិធីបុណ្យជាតិ ឬពិធីសំខាន់ៗផ្សេងៗក្នុងខេត្ត ដូចជា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (សង្ក្រាន្តស្វាយរៀង) បុណ្យភ្ជុំបិណ្ឌ បុណ្យអ៊ុទូកនៅទន្លេវ៉ៃគោទំនប់តាណេង ពិសេសព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ឆ្នាំ២០១៨ ដែលបានប្រព្រឹត្តទៅនៅលើទឹកដីខេត្តស្វាយរៀងជាដើម ដែលថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការក្នុងខេត្ត តែងតែអញ្ជើញមកធ្វើពិធីបួងសួងសុំសេចក្ដីសុខចម្រើន សម្រាប់ការរៀបចំពិធីទាំងនោះ ហើយមិនតែប៉ុណ្ណោះប្រជាពលរដ្ឋ ក៏តែងតែអញ្ជើញចូលអុចធូបបួងសួងសុំសេចក្តីសុខសប្បាយ ពីលោកតាគង់ យាយដើង នៅទីនេះផងដែរ៕