(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយក្រុងពោធិ៍សាត់ បានដាស់តឿនជំរុញឱ្យមន្ត្រីបក្សត្រូវបន្តចុះដោះស្រាយរាល់សំណូមពររបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីតបស្នងចំពោះពួកគាត់ដែលខំទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
លោកដាស់តឿនបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងពោធិ៍សាត់ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារ ខេ អឹម ដែលមានអ្នកចូលរួមជាង២០០នាក់។
ក្នុងឱកាសនោះ លោក សំរឹទ្ធ អេង ប្រធានគណៈកម្មាធិការគណបក្សក្រុងពោធិ៍សាត់ បានជម្រាបជូនថា ក្រុងពោធិ៍សាត់ចាប់ពីបើកយុទ្ធនាការឃោសនា នាថ្ងៃទី៧ ខែកក្កដាមក មានអ្នកចូលរួម ១៨ពាន់នាក់ រថយន្តតូចធំ ៤៣០គ្រឿង ម៉ូតូ ៤,៥០០គ្រឿង និងបញ្ចប់យុទ្ធនាការឃោស នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ មានអ្នកចូលរួមជិត២ម៉ឺននាក់ រថយន្តតូចធំ ៣៧៨គ្រឿង និងម៉ូតូ ៥,២០០គ្រឿង។ ក្នុងរយៈពេល២១ថ្ងៃ ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់បានធ្វើពិធីដង្ហែទ្រង់ទ្រាយធំ ២លើក ចុះជួបសមាជិកតាមខ្នងផ្ទះបាន ១,៤៧២លើក បិទខិតបណ្ណតាមផ្ទះ និងទីសាធារណៈអស់ជាង ១៦ពាន់ សន្លឹកប្រជុំប្រមូលផ្តុំ ៨៥១លើក និងមានសមាជិកចូលរួមជាង ២៤ពាន់នាក់។
លោកបានបន្តថា នាថ្ងៃទី២៩ ខែកក្កដា គឺជាថ្ងៃបោះឆ្នោតឃើញថា ក្រុងពោធិ៍សាត់ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី គ.ជ.ប មានចំនួន ៣៦,១៧៨នាក់ ក្នុងនោះបានទៅបោះឆ្នោត ៣១,២០៥នាក់ ស្មើនឹង ៨៦.២៥% បានបោះគាំទ្រគណបក្សប្រជាជនកម្ពុជាចំនួន ២៤,៥៨០សំឡេង ស្មើនឹង ៨៤.១១%។
លោក ម៉ៅ ធនិន បានថ្លែងថា ផ្អែកតាមលទ្ធផលនៃសំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តពោធិ៍សាត់ ពិតជាមានមោទនភាពដោយសារប្រជាពលរដ្ឋគោរពស្រឡាញ់ និងមានទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ទើបបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន បន្តការដឹកនាំប្រទេសនៅអាណត្តិទី៦។
តាមរយៈនៃលទ្ធផលនេះ ក៏ផ្តើមចេញពីការខិតខំប្រឹងប្រែងពីសំណាក់មន្ត្រីបក្សគ្រប់ផ្នែកគ្រប់ថ្នាក់ចុះជួយតាមបណ្តាសង្កាត់ សិក្សាស្វែងយល់វាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្សោយ និងការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកថា «ក្រោយពីទទួលបានជោគជ័យនេះ ក្នុងប្រធានគណៈកម្មាធិការគណបក្សខេត្ត សូមឲ្យមន្ត្រីបក្សបន្តចុះជួបជាមួយសមាជិកបក្ស និងការចូលរួមដោះស្រាយនូវរាល់សំណូមពរផ្សេងៗ ដែលពួកគាត់មានតម្រូវការ ដូចជាហេដ្ឋារចនាសម្ព័ន្ធ ត្រូវដោះស្រាយជាបន្ទាន់ជាពិសេសផ្តោតសំខាន់ទៅលើជនចាស់ជរា ស្ត្រីក្រីក្រមានកូនច្រើន កុមារកំព្រាជាដើម»។
លោកបានបន្ថែមថា ដើម្បីកាន់តែមានប្រៀបខ្លាំងថែមទៀតនោះ សូមឲ្យមន្ត្រីប្រឹងប្រែងបន្ថែមទៀតក្នុងការការពារខ្សែក្រវាត់ រក្សាសាមគ្គីផ្ទៃក្នុងល្អចាត់ទុកជាមហាគ្រួសារតែមួយរស់នៅក្រោមដំបូលគណបក្សតែមួយ បើកបេះដូងឲ្យទូលាយមិនរើសអើង និងមិនលាបពណ៌ដាក់គ្នាត្រូវចេះគោរពស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមកទៅតាមលទ្ធភាពដែលមាន៕