(ភ្នំពេញ)៖ កាលពីសប្តាហ៍កន្លងមក បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្ស និស្សិត បានយល់ដឹងអំពី អ្វីទៅជាអត្រានុកូលដ្ឋានរួចមកហើយ សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទ «អត្រានុកូលដ្ឋានកំណើត» ដែលជាផ្នែកមួយនៃអត្រានុកូលដ្ឋាន ធ្វើការបញ្ជាក់លម្អិតបន្ថែមជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិត។
អត្រានុកូលដ្ឋានរបស់បុគ្គលម្នាក់សំដៅលើស្ថានភាពបីគឺ កំណើតអាពាហ៍ពិពាហ៍ និងមរណភាព។ អត្រានុកូលដ្ឋានមានន័យជារួម គឺជាចំណងផ្សាភ្ជាប់សញ្ជាតិទៅនឹងរដ្ឋ និងស្ថានភាពជាក់ស្តែង ដែលជននោះមាននៅក្នុងត្រកូលគ្រួសារខ្លួន និងសង្គមជាតិ ដែលធ្វើឲ្យបុគ្កលនោះមានសិទ្ធិ និងករណីយកិច្ចតាមផ្លូវច្បាប់ ។ ប៉ុន្តែចំពោះអត្រានុកូលដ្ឋានកំណើតតែមួយមានន័យដូចម្តេច? ហើយមានលក្ខខណ្ឌ និងនីតិវិធីអ្វីខ្លះដើម្បីអាចធ្វើការចុះបញ្ជីអត្រានុកូលដ្ឋានកំណើតបាន? សូមបញ្ជាក់ថា ការបកស្រាយខាងក្រោមនេះ គឺផ្ដោតតែទៅលើការចុះបញ្ជីអត្រានុកូលដ្ឋានកំណើតសម្រាប់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ។
អត្រានុកូលដ្ឋានកំណើត សំដៅលើសៀវភៅអត្រានុកូលដ្ឋានទាក់ទងនឹងកំណើត និងក្រដាសអត្រានុកូល-ដ្ឋានទាក់ទងនឹងកំណើត ។ ក្រដាសអត្រានុកូលដ្ឋានទាក់ទងនឹងកំណើត ដែលប្រជាពលរដ្ឋអាចយកមកប្រើប្រាស់ជាផ្លូវការនោះ រួមមានៈ សំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សេចក្តីចម្លងសំបុត្រកំណើត និងសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ។ ការចុះបញ្ជី និងចេញនូវអត្រានុកូលដ្ឋានកំណើតជូនប្រជាពលរដ្ឋ ត្រូវធ្វើឡើងដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ/សង្កាត់ សម្រាប់បង្ហាញអំពីស្ថានភាពកំណើតរបស់ទារក នៅពេលដែលទារកនោះកើតមក ។ ជាទូទៅ នៅពេលដែលទារកកើតមក ឪពុកម្ដាយរបស់ទារកនោះមានកាតព្វកិច្ចក្នុងការរាយការណ៍ ដើម្បីសុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើតឲ្យទារកនោះ នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នៃលំនៅដ្ឋានអចិន្ត្រៃយ៍របស់ឪពុកម្ដាយរបស់ទារក ដោយមិនឲ្យកន្លងផុតរយៈពេល ៣០ ថ្ងៃបន្ទាប់ពីថ្ងៃកើតឡើយ ។ ចំពោះឯកសារដែលត្រូវភ្ជាប់ជាមួយរួមមាន៖
* លិខិតបញ្ជាក់ទទួលស្គាល់កំណើត៖
១៖ លិខិតទទួលស្គាល់កំណើតរបស់មន្ទីរពេទ្យដែលជាកន្លែងរបស់ទារកកើត (បើកើតនៅមន្ទីរពេទ្យ) ឬ
២៖ លិខិតបញ្ជាក់ទទួលស្គាល់កំណើតរបស់មេភូមិ (បើកើតនៅផ្ទះ) ឬ
៣៖ កំណត់ហេតុអំពីកំណើតទារករបស់អ្នកទទួលខុសត្រូវមណ្ឌលអប់រំកែប្រែ ឬ ពន្ធនាគារ (បើកើតនៅមណ្ឌលអប់រំកែប្រែ ឬ ពន្ធនាគារ)។
* លិខិតបញ្ជាក់របស់ឪពុកម្ដាយទារកអំពីនាមត្រកូល នាមខ្លួន និងថ្ងៃ ខែ ឆ្នាំកំណើតរបស់ទារក បើឪពុក ម្ដាយរវល់ ហើយពឹងញាតិជានីតិជនដែលរស់នៅ ជាមួយឪពុកម្ដាយនោះទៅរាយការណ៍ជំនួស។
* សៀវភៅគ្រួសារដែលមានឈ្មោះឪពុកម្ដាយទារក (ប្រសិនបើមាន)។
* អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់ឪពុកម្ដាយទារក (ប្រសិនបើមាន)។
* សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតរបស់ឪពុកម្ដាយទារក។ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លងសំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ របស់ឪពុកម្ដាយទារក (ប្រសិនបើមាន)។
ក្នុងករណីនេះ នៅពេលដែលដំណើរការនៃការចុះបញ្ជីបានចប់សព្វគ្រប់ នោះមន្រ្តីអត្រានុកូលដ្ឋានឃុំ/ សង្កាត់ នឹងប្រគល់សំបុត្រអត្រានុកូលដ្ឋានមួយប្រភេទគឺសំបុត្រកំណើតឲ្យ ឪពុកម្ដាយទារកនោះ សម្រាប់ទុកប្រើប្រាស់តាមតម្រូវការចាំបាច់។ ប៉ុន្តែបើក្នុងករណីកន្លងហួសរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃកើតដោយមិនបានធ្វើការរាយការណ៍ សុំចុះបញ្ជីអត្រានុកូលដ្ឋានកំណើតទេ នោះសាមីខ្លួន (ពេលទារកធំដឹងក្តី) ឬ ឪពុកម្ដាយ ឬ អាណាព្យាបាលត្រូវប្ដឹងសុំចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត នៅសាលាឃុំ/សង្កាត់ សាមី ដែលខ្លួនរស់នៅពិតប្រាកដ ដោយនាំទៅជាមួយនូវសាក្សីពីររូបជានីតិជនមកបញ្ជាក់នៅចំពោះមុខមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ដើម្បីស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើត។ ចំពោះឯកសារដែលសាមីខ្លួន និងសាក្សីត្រូវយកទៅភ្ជាប់ជាមួយរួមមាន៖
* ពាក្យប្ដឹងសុំចុះបញ្ជីអត្រានុកូលដ្ឋានបញ្ជាក់កំណើតរបស់សាមីខ្លួន ឬ ឪពុកម្ដាយ ឬ អាណាព្យាបាល
* សៀវភៅគ្រួសាររបស់សាមីខ្លួន និងរបស់សាក្សី ឬ
* អត្តសញ្ញាណប័ណ្ណរបស់សាមីខ្លួន និងរបស់សាក្សី (ប្រសិនបើមាន) ឬ
* ឯកសារបៀវត្ស ឬ សោធននិវត្តន៍ ឬ សេចក្ដីបញ្ជាក់ពីស្ថាប័នសាមី បើសាមីខ្លូនជាមន្រ្តីរាជការ
នៅពេលដែលដំណើរការនៃការចុះបញ្ជីរួចរាល់ មន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នឹងផ្ដល់ឲ្យសាមីខ្លួននូវអត្រានុកូលដ្ឋានមួយប្រភេទ គឺ សំបុត្របញ្ជាក់កំណើត ដើម្បីទុកជាឯកសារប្រើប្រាស់ទៅតាមតម្រូវការជាក់ស្ដែងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ម៉្យាងវិញទៀតក្នុងករណីដែលមានគេរើសបានទារក ហើយប្រគល់ទៅឲ្យមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ នោះមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ត្រូវផ្ដល់អត្រានុកូលដ្ឋាន កំណើតដល់ទារកនោះផងដែរ ដោយត្រូវពិគ្រោះយោបល់ជាមួយមន្រ្តីសុខាភិបាល ក្នុងការដាក់ថ្ងៃខែឆ្នាំកំណើតដល់ទារកនោះដោយស្មាន ហើយព័ត៌មានអំពីឈ្មោះឪពុកម្ដាយ ត្រូវដាក់ថាមិនស្គាល់។ ប៉ុន្តែបើមានគេសុំកូនដែលរើសបាននោះយកទៅចិញ្ចឹម នោះមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ត្រូវសន្មតអ្នកសុំនោះជាឪពុកម្ដាយ ដោយត្រូវយកនាមត្រកូល តាមឪពុកម្ដាយនោះ ហើយត្រូវមានសិទ្ធិ និងករណីយកិច្ចដូចគ្នាទៅនឹងកូនបង្កើត។ ប៉ុន្តែបើគ្មានអ្នកសុំទេ មន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ត្រូវបញ្ជូនទារកនោះទៅមណ្ឌលសង្គ្រោះទារក ឬមណ្ឌលកុមារកំព្រាដែលនៅជិតបំផុត ដោយភ្ជាប់ទៅជាមួយនូវសំបុត្រកំណើតរបស់ទារកនោះផងដែរ ។
គួរបញ្ជាក់ផងដែរថា សំបុត្រកំណើត និងសំបុត្របញ្ជាក់កំណើត អាចចេញជូនបានតែម្ដងប៉ុណ្ណោះ ដូចនេះ ដើម្បីអាចប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការជាក់ស្ដែង យើងត្រូវស្នើសុំទៅមន្រ្តីអត្រានុកូលដ្ឋាន ដើម្បីទទួលបានក្រដាសអត្រានុកូលដ្ឋានមួយប្រភេទគឺសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត យកមកប្រើប្រាស់។ ជាទូទៅប្រសិន បើក្នុងករណីដែលការសុំចម្លងស្ថិតនៅក្នុងឆ្នាំដដែលជាមួយនឹងការចុះបញ្ជី នោះការសុំចម្លងអាចធ្វើនៅត្រឹមថ្នាក់ឃុំ/ សង្កាត់ ដែលមានមន្រ្តីអត្រានុកូលដ្ឋានឃុំ/សង្កាត់ ជាអ្នកផ្ដល់ជូន ប៉ុន្តែបើករណីផុតឆ្នាំ នោះការសុំចម្លងត្រូវតែធ្វើឡើងនៅថ្នាក់ក្រុង/ស្រុក/ខណ្ឌ ដោយសារតែរៀងរាល់ចុងឆ្នាំសៀវភៅបញ្ជីអត្រានុកូលដ្ឋានទាំងអស់ ត្រូវបានបញ្ជូនទៅថ្នាក់ក្រុង/ស្រុក/ខណ្ឌទាំងអស់។
សរុបមកអត្រានុកូលដ្ឋានកំណើត គឺជាឯកសារដ៏សំខាន់មួយដែលបានកត់ត្រា ក៏ដូចជាបានបង្ហាញនូវស្ថានភាពកំណើតរបស់បុគ្គលគ្រប់ៗរូប។ ក្រដាសអត្រានុកូលដ្ឋានកំណើតមានបួនប្រភេទគឺ (១) សំបុត្រកំណើត (២) សំបុត្របញ្ជាក់កំណើត (៣) សេចក្តីចម្លងសំបុត្រកំណើត និង (៤) សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលវាមានតម្លៃគតិយុត្តស្មើៗគ្នា ដោយគ្រាន់តែខុសគ្នាត្រង់លក្ខខណ្ឌនៃការទទួលបានតែប៉ុណ្ណោះ។ ម៉្យាងវិញទៀតគ្រប់បុគ្គលទាំងអស់ ទោះកើតចេញពីឪពុកម្ដាយ ដែលមានចំណងអាពាហ៍ពិពាហ៍ក្ដី ឬគ្មានចំណងអាពាហ៍ពិពាហ៍ក្ដី ក៏នៅតែមានសិទ្ធិក្នុងការទទួលបានអត្រានុកូលដ្ឋានកំណើតបានដូចគ្នាផងដែរ។
រៀបរៀងដោយៈ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ឡេង ពុទិ្ធតារា សមាជិកក្រុមការងារស្រាវជ្រាវ និងផ្សព្វផ្សាយច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ