(ព្រះសីហនុ)៖ ជនសង្ស័យជាជនជាតិចិនចំនួន ៦២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនបាន និងបញ្ជូនទៅតុលាការខេត្ត ពាក់ព័ន្ធនឹងអំពើសេពគ្រឿងញៀនក្នុងក្លឹបកម្សាន្ត «ស៊ីតុងហ្វាង» ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ដោយមានការអនុញាត និងសម្របសម្រួលពីលោក កៀង សន្ទរោ ព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ ក្រោមការបញ្ជាដឹកនាំដោយលោក យន្ត មីន្ត អភិបាលខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍បានបន្តថា ក្នុងប្រតិបត្តិការខាងលើ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន ៦២នាក់ (ស្រី ១៥នាក់) ក្នុងនោះរួមមាន៖ ម្ចាស់អាជីវកម្មម្នាក់ មេការម្នាក់ អ្នកជួញដូរម្នាក់ និងភ្ញៀវមកកម្សាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងចំនួន ៥៩នាក់ ក្នុងក្លឹបកម្សាន្តខារ៉ាអូខេស៊ីតុងហ្វាង ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន៖ ម្សៅក្រាមពណ៌សថា្លសង្ស័យជាសារធាតុញៀនចំនួន ២៣កញ្ចប់តូចធំ និង២កំប៉ុងតូចធំ បន្ទះឈើសម្រាប់ហិត ១៥បន្ទះ កេតតាមីនប្រភេទទឹក (ketamine) ចំនួន១ដប។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងករណីខាងលើនេះ កម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕