(ពោធិ៍សាត់)៖ ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា មានបុរសម្នាក់បានផឹកស្រវឹងធ្លាក់ភ្នែក បើករថយន្តបោះពួយយ៉ាងលឿន ធ្លាក់ស្ទឹងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ប្រជាពលរដ្ឋព្យាយាមជួយសង្គ្រោះដែរ តែដល់ដំណាក់កាលចុងក្រោយទៅហើយ។
ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង៤៖៥០នាទីល្ងាច ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហម រ៉បស្ទឹងកណ្តៀង ស្ថិតក្នុងភូមិកណ្តៀង ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាអ្នកបើករថយន្ត មានឈ្មោះ ប៉ូច សោភា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាកកាមរី ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2N-8401 បើកបរដោយឈ្មោះ ប៉ូច សោភា បានធ្វើដំណើរតាមបណ្តោយផ្លូវក្រាលគ្រួសក្រហម ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ទំនងជាស្រវឹងផងនោះ បានរ៉េចង្កូតធ្លាក់ចូលទឹកស្ទឹងកណ្តៀង។ ភ្លាមនោះមានបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់ បានព្យាយាមជួយសង្គ្រោះដែរ តែជាអកុសល ជនរងគ្រោះ បានដាច់ខ្យល់ស្លាបលនៅក្នុងរថយន្តបាត់ទៅហើយ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត រង់ចាំមធ្យោបាយរថយន្តស្ទូច យកចេញពីកន្លែងកើតហេតុនាពេលក្រោយ។
បើតាមសមត្ថកិច្ច មូលហេតុនៃការបើកបរធ្លាក់ផ្លូវបែបនេះ ដោយសារតែបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹង៕