(បន្ទាយមានជ័យ)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសព អនុប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យវ័យចំណាស់ម្នាក់ ដែលបណ្តាលមកពីខ្យល់គ។
លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា នៅវេលាម៉ោង៩៖២៥នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋប្រទះឃើញសពក្រោមដើមធ្នង់ ក្នុងបរិវេណចំការស្វាយចន្ទី ចម្ងាយប្រមាណ១០០០ម៉ែត្រ ខាងជើងភូមិព្រៃសង្ហារ ឃុំបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ។
សពជនរងគ្រោះឈ្មោះ កែវ សំពៅ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នមានតួនាទីជាអនុប្រធានមន្ទីរកិច្ចការនារី ខេត្តឧត្តរមានជ័យ ។
លោអធិការបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់តាំងកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍បន្ទាយឆ្មារ សហការជាមួយក្រុមគ្រូពេទ្យ ចុះត្រួតពិនិត្យដល់កន្លែងកើតហេតុ។ តាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសពជនរងគ្រោះ ឃើញថា ពិតជាស្លាប់ដោយសារខ្យល់គ ប្រាដកមែន ខណៈពេលដែលជនរងគ្រោះ មកមើលចំការម្នាក់ឯង នៅចំណុចកើតហេតុខាងលើរបស់ខ្លួន។
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកមករៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសពភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ សៅ សារឿន ក៏បានឲ្យដឹងដែរថា នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នេះដែរ ក៏មានបុរសវ័យចំណាស់ម្នាក់ទៀត គេប្រទះឃើញលង់ទឹកស្លាប់ ក្នុងកសិណប្រាសាទបន្ទាយឆ្មារ ជ្រុងខាងកើត និងខាងត្បូង។
បើតាមសមត្ថកិច្ច ជនរងគ្រោះឈ្មោះ ប៉ែ គី ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅក្នុងវត្តបន្ទាយឆ្មារ ជាមនុស្សវិកលចរិក។ មូលហេតុនាំការស្លាប់ បណ្តាលមកពីស្រវឹងស្រា ជិះទូកដកព្រលឹត ក៏បណ្តាលឲ្យធ្លាក់ពីលើទូកចូលទឹកលង់ស្លាប់តែម្តង។
ក្រោយការពិនិត្យសាកសពរួច កម្លាំងជំនាញ និងប៉ុស្តិ៍ បានប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕