(កំពង់ចាម)៖ បទល្មើសនេសាទខុសច្បាប់នៅតែបន្ដលួចលាក់កើតមាន ហើយកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទនៅខេត្តកំពង់ចាម តែងបន្ដតាមបង្ក្រាបដូចគ្នាផងដែរ ជាក់ស្ដែងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី បានបញ្ជាកម្លាំងនគរបាលបើកប្រតិបត្តិការបង្ក្រាប នៅមូលដ្ឋានស្រុកកងមាស។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បន្ទាប់ពីទទួលបានព័ត៌មានពីមូលដ្ឋាន និងទទួលបានបទបញ្ជាពីព្រះរាជអាជ្ញាផងនោះ មិនបានបង្អង់យូរនោះឡើយ បានចាត់បញ្ជាភ្លាមៗ ទៅលោកអធិការនគរបាលស្រុកកងមាស សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គរ ចុះបង្ក្រាបតែម្ដង ដោយដកហូតបានវត្ថុតាងមួយចំនួន។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅចំណុចបឹងសារាយ ឃុំសូរគង និងចំណុចបឹងចង្រុក ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលជាលទ្ធផល លូស្បៃមុង ចំនួន៣៨មាត់, របាំងព្រួល ចំនួន១,៩៥០ម៉ែត្រ, រ៉ាវ ចំនួន២៩មាត់ និងលែងកូនត្រីចម្រុះ ចំនួន២៥០គីឡូក្រាម។
ក្រោយប្រតិបត្តិចប់សព្វគ្រប់ ចំពោះសម្ភារ និងវត្ថុតាងត្រូវបានសហការដុតបំផ្លាញចោល នៅភូមិទួលវិហារ ឃុំរាយប៉ាយ ស្រុកកងមាស ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕