(ភ្នំពេញ)៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជូនក្រុមចោរឆក់០៤នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោស បន្ទាប់ពីមន្ត្រីអាវុធហត្ថ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញ និងបានប្រមូលភស្តុតាងគ្រប់គ្រាន់ ក្នុងការកសាងសំណុំរឿង ដាក់បន្ទុកជនសង្ស័យទាំងនេះ។
ជនសង្ស័យឈ្មោះ លឹម យូទី អាយុ២៤ឆ្នាំ និងឈ្មោះ ប៉ូ លីន អាយុ១៧ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួននៅវេលាម៉ោងប្រមាណ០៧៖៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលពួកគេទាំង០២នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់ ជិះម៉ូតូគប់ជ្រុង នៅចំណុចផ្លូវ២៧១ មុខសាលារៀនមីគីវ៉េ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដោយឡែក ជនសង្ស័យឈ្មោះ យ៉ាត ពិសី អាយុ២១ឆ្នាំ និងឈ្មោះ សុក ភត្រា អាយុ១៧ឆ្នាំ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួននៅវេលាម៉ោង០៦៖០០នាទីព្រលប់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ខណៈដែលពួកគេទាំង០២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿង របស់ជនរងគ្រោះឈ្មោះ តុង ដានិត នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១៧៨ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំង០៤នាក់ខាងលើ គឺជាក្រុមចោរឆក់០២ក្រុមផ្សេងគ្នា និងធ្វើសកម្មភាពឆក់ក្នុងតំបន់ភូមិសាស្ត្រដាច់ដោយឡែកពីគ្នា តែបានចូលគុកជាមួយគ្នា ក្នុងថ្ងៃតែមួយ ហើយពួកគេបានសារភាពថា មុនពេលចេញឆក់ពួកគេ គឺបានប្រើប្រាស់គ្រឿងញៀនរួចជាមុនសិន ទើបចេញធ្វើសកម្មភាពរកស៊ី ដោយជិះម៉ូតូរកមើលឱកាស ឆក់ទ្រព្យសម្បត្តិមានតម្លៃ ពីជនរងគ្រោះតាមដងផ្លូវ៕