(ភ្នំពេញ)៖ ទីតាំងផលិតគ្រឿងសម្អាងក្លែងក្លាយមួយកន្លែង ដែលមានម្ចាស់ជាជនជាតិចិន ត្រូវបានកម្លាំងនគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ចុះបង្ក្រាបបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ ស្ថិតនៅផ្ទះលេខ៨៧ ផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដោយដកហូតបានគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារៈសម្រាប់ផលិតជាច្រើនផងដែរ។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រោមការសម្របសម្រួលនីតិវិធីពីលោក ស្រី ម៉ាក់នី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះសមត្ថកិច្ចដកហូតបានគ្រឿងសម្អាងក្លែងក្លាយទម្ងន់៥តោន និងសម្ភារៈសម្រាប់ផលិតមួយចំនួនទៀត។
ការឈានទៅដល់ការបង្ក្រាបនេះ គឺក្រោយពីកម្លាំងជំនាញនាយកដ្ឋាន បានសហការជាមួយមន្រ្តីក្រសួងសុខាភិបាល ក្រសួងឧស្សាហកម្ម
និងអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវដឹង ក៏សុំគោលការណ៏ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដែលមានម្ចាស់ទីតាំងផលិតឈ្មោះ Zou Zhiqang អាយុ៤៤ឆ្នាំ ជាជនជាតិចិន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញថាទីតាំងឃ្លាំងផលិតគ្រឿងសម្អាងក្លែងក្លាយខាងលើនេះ គ្មានច្បាប់អនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ និងរកឃើញផលិតផលសម្ភារៈ វត្ថុធាតុដើមសម្រាប់ផលិតចំនួន ២២មុខ មានទម្ងន់ប្រមាណ ៥តោន រួមមាន៖ សាប៊ូ ឡេ ទឹកអប់ ក្រែម ម្សៅលាបមុខ និងវត្ថុធាតុដើមសម្រាប់កែច្នៃមួយចំនួនទៀត។
ក្រោយធ្វើការត្រួតពិនិត្យ និងតាមការសម្រេចរបស់ព្រះរាជអាជ្ញារង សមត្ថកិច្ចបានសម្រេចដកហូតផលិតផលសាប៊ូ គ្រឿងសម្អាងក្លែងក្លាយ ដោយរក្សាទុកបិទទីតាំងខាងលើ ហើយបាននាំខ្លួនម្ចាស់ទីតាំងឈ្មោះ Zou Zhiqang មកសាកសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី៕