(ពោធិ៍សាត់)៖ មន្ត្រីជំនាញគ្រាប់រំសេវ និងអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកវាលវែង និងស្រុកក្រគរ កាលពីពេលថ្មីៗនេះ បានសហការគ្នា ចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ២៦គ្រាប់ ខណៈដែលប្រជាពលរដ្ឋប្រទះឃើញ នៅតំបន់ផ្សេងៗគ្នា។
កម្លាំងនគរបាលស្រុកក្រគរ បានឲ្យដឹងថា នៅវេលាម៉ោង១១៖០០នាទីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ កម្លាំងសហការបានចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ បានចំនួន១៩គ្រាប់ រួមមាន៖ ប្រភេទ ៦០មីលីម៉ែត្រចំនួន ១៣គ្រាប់, ប្រភេទ ៤៥មីលីម៉ែត្រចំនួន ០៦គ្រាប់។ ហើយនៅប៉ុស្ដិ៍នគរបាលរដ្ឋស្នាអន្សា បានប្រគល់គ្រាប់បែកដៃ (ផលិតនៅប្រទេសចិន) ចំនួន០១គ្រាប់ផងដែរ។
ចំពោះនៅស្រុកវាលវែង នាព្រឹកថ្ងៃដដែលនោះ ស្ថិតក្នុងភូមិក្រពើរពីរ ឃុំក្រពើរពី ស្រុកវាលវែង កម្លាំងសហការ ក៏បានចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមមានគ្រាប់បេ៤០ ចំនួន០៧គ្រាប់។
កាកសំណល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅពីសម័យកាលសង្រ្គាមដ៏យូរលង់នៅប្រទេសកម្ពុជានេះ ត្រូវបានប្រគល់ជូនមន្រ្តីជំនាញគ្រាប់រំសេវ អង្គការHallo Trust ហើយគ្រាប់ទាំងនោះ តំបន់ខ្លះមានសដ្ឋានភាពលំបាកខ្លាំង ក៏សម្រេចធ្វើការកម្ទេចចោលនៅនឹងកន្លែងអស់មួយចំនួន និងមួយចំនួនទៀត បានប្រមូលយកទៅកន្លែងបច្ចកទេស៕