(ពោធិ៍សាត់)៖ អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ត្រូវបានលោក ខូយ រីដា ប្រធានគណៈកម្មាធិការសាខា យកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះរន្ទះបាញ់ស្លាប់ និងខ្យល់កន្ទ្រាក់ នៅឃុំកញ្ជរ ស្រុកកណ្តៀង នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដល់ទីកន្លែង និងដោយមានការចូលរួមពីលោកនាយកប្រតិបត្តិ សមាជិកគណៈកម្មាធិការ និងអាជ្ញាធរ ស្រុក ឃុំជាច្រើនទៀត។
ដោយអនុវត្តទៅតាមអនុសាសន៍ដ៏ថ្លៃថ្លា របស់ស្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានោះ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ ទៅចែកជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ កាលវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែសីហា នៅភូមិព្រែកត្របែក ឃុំកញ្ជរ ចំនួន៧គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ៥០គីឡូក្រាម មី១កេស ឃីត១ កញ្ចប់ថវិកា៥ម៉ឺនរៀល។ ក្នុងនោះគ្រួសាររងគ្រោះធ្ងន់ធ្ងរ ៣គ្រួសារ បន្ថែមតង់១ កន្ទេល១ និងថវិកា១០ម៉ឺនរៀល។ ចំពោះគ្រួសារសពរន្ទះបាញ់ស្លាប់២នាក់ ក្នុងម្នាក់ៗអង្ករ១០០គីឡូក្រាម ទឹកសុទ្ធ៤កេស ទឹកក្រូច២កេស និងថវិកា២០ម៉ឺនរៀល និង៣០ម៉ឺនរៀលទៀត ជាការចូលរួមពីសម្បុរសជន និងគ្រួសាររងរបួសម្នាក់អង្ករ៥០គីឡូក្រាម និងថវិកា៥ម៉ឺនរៀល។
គួរបញ្ជាក់ថា ហេតុការណ៍គ្រោះធម្មជាតិមួយបង្កជាភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់ រន្ទះបាញ់ស្លាប់មនុស្ស២នាក់ និងរលំផ្ទះ៣ខ្នង របើកដំបូល៤ខ្នង បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្នុងភូមិផ្លូវលួង និងភូមិព្រែកត្របែក ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ករណីគ្រោះធម្មជាតិ នៅភូមិផ្លូវលួង បង្កឲ្យរបើកដំបូល៣ខ្នង, រលំផ្ទះ៣ខ្នង និងភូមិព្រែកត្របែករបើកដំបូលផ្ទ:១ខ្នង។ ស្របពេលជាមួយគ្នានោះ មានរន្ទះបាញ់១លើក បណ្តាលឲ្យស្លាប់មនុស្ស២នាក់គឺ៖
ទី១៖ ឈ្មោះប៉ិល យោម ភេទស្រី អាយុ៥៤ឆ្នាំជនជាតិខ្មែរ
ទី២៖ ឈ្មោះធន ថង ភេទប្រុស អាយុ១៩ឆ្នាំជនជាតិខ្មែរ និងរងរបួសស្រាល១នាក់គឺឈ្មោះ ស្រី គីម ភេទប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរ។ អ្នកទាំងបីនាក់រស់នៅភូមិព្រែកត្របែកឃុំកញ្ជរ ស្រុកកណ្តៀងដោយមូលហេតុពួកគាត់ទៅឃ្វាលគោឃើញមេឃភ្លៀងក៍ដេញគោមកផ្ទះវិញក៍ត្រូវរន្ទះបាញ់តែម្តង៕