(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង លោក ហែម ថេង ព្រមទាំងសហការី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បានចុះបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែប្រវែង៣.៥០០ម៉ែត្រ មានទទឹង៤ម៉ែត្រ ដោយឆ្លងកាត់៣ភូមិ ក្នុងឃុំសម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ប្រយោជន៍សាធារណៈនៅមូលដ្ឋាន។
លោកប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ បានឲ្យដឹងថា ផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ជាប្រធានក្រុមការងារចុះជួយខេត្ត ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងលោក សុខ ផល ប្រធានក្រុមការងារចុះជួយស្រុកបាណន់រួចមក, ក្រុមការងាចុះជួយឃុំភ្នំសំពៅ តែងតែយកចិត្ត គិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងបានកសាងសមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ និងធ្វើកិច្ចការសង្គមជាច្រើនជាបន្តបន្ទាប់រហូតមក។
លោកប្រធានបានបញ្ជាក់ថា ទោះជាមានសមិទ្ធិផលជាច្រើន លើគ្រប់វិស័យហើយក៏ដោយតែសេចក្តីត្រូវការ និងភាពចាំបាច់របស់ប្រជាពលរដ្ឋក្រុមការងារយើង នៅតែតាមជួយបន្តរហូត ជាក់ស្តែងថ្ងៃនេះ ក្រុមការងារទាំងអស់គ្នា បានចុះមកបើកការដ្ឋានជួសជុលផ្លូវលំ១ខ្សែប្រវែង៣.៥០០ម៉ែត្រ មានទទឹង៤ម៉ែត្រ ដោយឆ្លងកាត់៣ភូមិ មានភូមិសំពៅកើត ភូមិក្តោង និងភូមិសំណាញ់ក្នុងឃុំភ្នំសំពៅ សម្រាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ប្រយោជន៍សាធារណៈនៅមូលដ្ឋាន សម្រាប់ទុកឲ្យប្រជាពលរដ្ឋដឹកទំនិញកសិផល និងធ្វើដំណើរឆ្លងកាត់ស្រួលកាត់បន្ថយការលំបាករបស់ពួកគាត់។
លោក ហែម ថេង បានបន្តថា បន្ទាប់ពីបានជួសជុលផ្លូវលំនេះរួចហើយ សូមបងប្អូនជួយថែរក្សាសមិទ្ធិផលនេះប្រើប្រាស់ឲ្យបានយូរអង្វែង ហើយនាំគ្នាដឹកទំនិញកសិផល ធ្វើដំណើរឆ្លងកាត់បានលឿន កាត់ពេលវេលាស្រួលជាងមុន បន្ទាប់ពីសាងសង់រួច ប្រគល់ជូនដាក់ឲ្យប្រើប្រាស់នៅពេលក្រោយ។
ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ បានថ្លែងអំណរគុណ និងដឹងគុណដល់ថ្នាក់ដឹកនាំ ថ្នាក់ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋានទាំងអស់ ដែលតែងបានជួយដោះស្រាយកង្វល់ ដោះស្រាយតាមសំណូមពរនូវការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលារហូតមកមានការរីកចំរើនកាន់តែប្រសើរឡើងតទៅ៕