(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ខ្លួនជនជាតិចំនួនចិន៣នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស (ជនជាតិចិនដូចគ្នា) ធ្វើទារុណកម្ម ដើម្បីបង្ខំទារប្រាក់ចំនួន៤០០០ដុល្លារ នៅក្រុងព្រះសីហនុ។
របាយការណ៍ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២៣៖៣០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងតាមទូរស័ព្ទថា មានជនជាតិចិនម្នាក់ ត្រូវបានជនជាតិចិនដូចគ្នា ចាប់ឃុំឃាំង ធ្វើទារុណកម្ម នៅក្នុងបន្ទប់មួយ ស្ថិតនៅក្នុងក្រុងព្រះសីហនុ។
បន្ទាប់ពីទទួលបណ្តឹងតាមទូរស័ព្ទ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៥៖៣០នាទី ទើបបង្ក្រាបជនសង្ស័យ ០៣នាក់ និងរំដោះជនរងគ្រោះ នៅក្នុងបន្ទប់លេខ២០៥ នៃសណ្ឋាគារ ហ្វូវជីង ស្ថិតនៅក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុងព្រះសីហុន ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍ ជនរងគ្រោះមានឈ្មោះ YANG JIE ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុមទី១៤ ភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ។ ជនសង្ស័យមានចំនួន ០៣នាក់ រួមមាន៖ ១-ឈ្មោះ WANG LE PIN ភេទប្រុស អាយុ៣១ឆ្នាំ, ២-ឈ្មោះ LU MING JIAN ភេទប្រុស អាយុ៣២ឆ្នាំ, និង ៣-ឈ្មោះ XIAO SONG ភេទប្រុស អាយុ២៨ឆ្នាំ។ ជនសង្ស័យទាំង៣ ជាជនជាតិចិន មានមុខរបរ ចងការប្រាក់ក្នុងកាស៊ីណូ ស្នាក់នៅ ក្រុមទី៧ ភូមិ២ សង្កាត់២ ក្រុងសីហនុ ដូចគ្នា។
យោងតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា វត្ថុតាងចាប់យកបាន រួមមាន៖ អត្តសញ្ញាណប័ណ្ណចិន ០៤សន្លឹក និងកាតធនាគារ០២សន្លឹក។ ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងជំនាញ កំពុងបន្តនីតិវិធីនៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។
សមត្ថកិច្ច ក៏បានបញ្ជាក់ថា ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានចងការប្រាក់ពីក្រុមជនសង្ស័យ ជាកាក់ចំនួន៤,០០០ដុល្លារ ដើម្បីលេងល្បែងក្នុងកាស៊ីណូ។ ពេលលេងចាញ់អស់លុយហើយគ្មានលុយសង ក៏ត្រូវជនសង្ស័យចាប់ឃុំក្នុងបន្ទប់ ដើម្បីឲ្យជនរងគ្រោះទាក់ទងទៅក្រុមគ្រួសារ បងប្អូន ឬមិត្តភក្តិរកលុយ មកសងពួកគេទើបពួកគេដោះលែងឲ្យមានសេរីភាពវិញ៕