(ស្វាយរៀង)៖ លោក ហ៊ឹម ឆែម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និងលោកស្រី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិការគ្រួសារបក្ស ក្រុមប្រឹក្សា ប្រធានភូមិទាំង១០ភូមិ នៃឃុំអំពិល ចំនួន១,៣៥០គ្រួសារបក្ស ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី។
ស្ថិតក្នុងឱកាសនោះ លោក ហ៊ឹម ឆែម ក៏បាននាំនូវការផ្ដាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចពញាចក្រី ហេង សំរិន និងសម្ដេចតេជោ ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងថ្លែងអំណអរគុណដល់ សមាជិក សមាជិកា និងប្រជាពលរដ្ឋទាំងអស់ដែលបន្ដបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ទុកចិត្តលើសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសរក្សាសុខសន្ដិភាព និងបន្ដការអភិវឌ្ឍប្រទេសកម្ពុជា ជាបន្ដទៀត។
លោកប្រធានក្រុមការងារ បានបន្ថែមថា ដោយបានទទួលអនុសាសន៍ណែនាំ និងការអនុញ្ញាតពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង ឲ្យរៀបចំជាកម្មវិធីដើម្បីចុះជួបសំណេះសំណាល និងថ្លែងអំណគុណដល់ សមាជិក សមាជិការគ្រួសារបក្ស របស់ភូមិទាំង១០នៃឃុំអំពិល ស្រុករមាសហែក ដែលមានចំនួន១,៣៥០គ្រួសារបក្ស ដោយបានឧបត្ថម្ភ វត្ថុអនុស្សាវរីយ៍ សំពត់សឹង ចំនួន១,៣៥០សំពត់ដល់បងប្អូន។
ក្នុងនោះផងដែរ លោកបានណែនាំ មេឃុំ មេភូមិ កងកម្លាំងប្រដាប់អាវុធ និងគ្រូពេទ្យក្នុងមូលដ្ឋានទាំងអស់ ធ្វើយ៉ាងណាត្រូវតែបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរជាងមុនទ្វេដង ឲ្យគាត់កាន់តែទុកចិត្តមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងសូមឲ្យមានការសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ជាពិសេសប្រជាពលរដ្ឋនៅក្នុងឃុំអំពិលទាំងអស់ឲ្យមានសាមគ្គីភាព ឯកភាពគ្នា ចេះជួយគ្នាទៅវិញទៅមក រវាងភូមិផងរបងជាមួយគ្នា កុំប្រកាន់បក្សនយោបាយ ពីព្រោះយើងសុទ្ធតែជាប្រជាពលរដ្ឋខ្មែរតែមួយ។
លោក ហ៊ឹម ឆែម ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះមន្ដ្រីគ្រប់លំដាប់ថ្នាក់ក្រុមការងារថ្នាក់កណ្តាល ថ្នាក់មូលដ្ឋាន និងម្ចាស់សន្លឹកឆ្នោតទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសឲ្យកាន់ រីកចម្រើនមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕