(ក្រចេះ)៖ សមត្ថកិច្ចចម្រុះបានប្រដេញបង្ក្រាប រថយន្តកាមរីបាឡែនមួយគ្រឿង លួចដឹកឈើប្រណីតបំរ៉ុងនាំយកទៅលក់ នៅប្រទេសវៀតណាម ដោយ ចេញតាមច្រករបៀងនានានៅក្នុងស្រុកស្នួល ខេត្តក្រចេះឬច្រករបៀងក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈដែលរថយន្តនេះ កំពុងបើកបរ នៅលើផ្លូវជាតិដល់ឃុំ២ធ្នូ។
មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅវេលម៉ោង១០យប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយមាន កម្លាំងចូលរួមបង្រ្គាបរួមមាន នគរបាលសេដ្ឋកិច្ច នគរបាលប៉ុស្ដិ៍ន២ធ្នូ និងកម្លាំងយោធាស្រុកស្នួលបានឃាត់រថយន្ដកាមរីបាឡែនដឹកឈើប្រភេទ ធ្នង់ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមច្បាប់រដ្ឋបាលព្រៃឈើ តែមិនបាន ឃាត់ខ្លួនម្ចាស់រថយន្ដនោះទេ ព្រោះក្រោយពីកម្លាំងនគរបាល ឃាត់រថយន្ដបាន អ្នកបើកបររថយន្ដបានរត់ចោលរថយន្ដបាត់។
មន្ត្រីនគរបាលសេដ្ឋកិច្ចរូបនោះបន្តថា រថយន្ដកាមរីបាឡែនដឹកឈើនោះ បានបើក ចេញពីខេត្តមណ្ឌលគិរីឆ្លងកាត់ស្រុកស្នួល បម្រុងយកទៅលក់នៅប្រទេសវៀតណាម តាមច្រករបៀងនានា តែត្រូវបានពលរដ្ឋឃើញ ផ្ដល់ព័ត៌មានអោយ ទើបសមត្ថកិច្ចប្រដេញតាមរហូតដល់ចំណុចគីឡូម៉ែត្រលេខ៩០ ក៏ឃាត់បានតែម្ដង។
បច្ចុប្បន្ន រថយន្ដនិងឈើបាននាំយកទៅរក្សាទុកនៅសង្កាត់ រដ្ឋបាលព្រៃឈើស្នួលដើម្បីធ្វើការវាស់វែង ចាត់ការបន្ដតាមច្បាប់របស់រដ្ឋបាលព្រៃឈើ តែមិនទាន់ដឹងចំនួនឈើនៅឡើយទេ ព្រោះកម្លាំងជំនាញកំពុងធ្វើការវាស់វែងមិនទាន់រួច៕