(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងថា ការដេញថ្លៃតាមព្រៃចេក ចែកទឹកតែ ទឹកប្រហុក ត្រូវបញ្ចប់ចាប់ពីថ្ងៃនេះតទៅ ក្នុងដំណើរការដេញថ្លៃមូលនិធិឃុំ-សង្កាត់។
ក្នុងវិធានការណ៍ដ៏ម៉ឺងម៉ាត់នេះ លោកអភិបាលខេត្តបានថ្លែង ក្នុងពេលចុះសង្កេតដោយផ្ទាល់ នូវដំណើរការដេញថ្លៃ គម្រោងមូលនិធិឃុំ សង្កាត់ចំនួន២១គម្រោង ក្នុងស្រុក២ គឺស្រុកបាធាយ និងស្រុកជើងព្រៃ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨។
លោកអភិបាលខេត្តបានថ្លែងថា កន្លងមកជាងមួយឆ្នាំ លោកធ្លាប់មានការឈឺចាប់ដោយទទួលបានព័ត៌មានថា ការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ សម្បូរអ្នកដេញថ្លៃតាមព្រៃចេក មិនសូវមានអ្នកម៉ៅការចូលរួមដេញថ្លៃ ក្នុងកន្លែងដាក់សំណើដេញថ្លៃ ដោយមានការប្រកួតប្រជែងនោះទេ។ ជាងនេះទៅទៀត លោកក៏ធ្លាប់បានទទួលពាក្យបណ្តឹងជាបន្តបន្ទាប់ អំពីការរារាំង អ្នកទទួលការមិនឲ្យចូលដេញថ្លៃប្រកួតប្រជែងនោះដែរ ហេតុដូច្នេះហើយ ទើបលោកបានចាត់វិធានការ ប្រមូលផ្តុំគម្រោងពីតាមបណ្តាឃុំ សង្កាត់ យកមកដាក់ដេញថ្លៃនៅសាលាក្រុង ស្រុក ងាយស្រួលក្នុងការគ្រប់គ្រងដំណើរការដេញថ្លៃនោះ ហើយនិងផ្តល់ភាពងាយស្រួលទៅដល់ក្រុមហ៊ុននានា ដែលចង់ចូលរួមដេញថ្លៃ ប្រសើរជាងក្នុងការធ្វើដំណើរទៅដេញតាមឃុំ សង្កាត់ ដែលនៅឆ្ងាយហើយចំណាយពេលវេលាយូរ និងអស់សោហ៊ុយច្រើនផងដែរ។
ម្យ៉ាងទៀត នេះក៏ជាវិធានការដែលធ្វើឲ្យដំណើរការដេញថ្លៃនេះ មានតម្លាភាព និងឈានទៅលុបបំបាត់ចោលនូវការដេញថ្លៃតាមព្រៃចេក កើតមានពេលកន្លងមក ហើយចង់ឲ្យក្រុមមានឱកាសបានចូលប្រកួតប្រជែងគ្នាដោយចំហរ ដែលមានម្ចាស់លទ្ធកម្មជាអាជ្ញាធរឃុំ សង្កាត់នៅទីនេះ ចាំទទួលយកលទ្ធផល ដើម្បីធ្វើការអភិវឌ្ឍនភូមិ ឃុំរបស់ខ្លួន។
លោកអភិបាលខេត្ត បានលើកឡើងបន្តថា នៅក្នុងឆ្នាំកន្លងទៅ មានក្រុមហ៊ុនចំនួន២ ដែលដេញថ្លៃបានហើយ បែរជាមិនចុះអនុវត្តគម្រោង ដោយលើកហេតុផលផ្សេងៗ មិនសមរម្យ ដើម្បីគេចវេសមិនធ្វើ ហើយក្រុមហ៊ុនទាំងពីរនោះ ត្រូវបានបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ដោយមិនអនុញ្ញាតឲ្យចូលរួមដេញថ្លៃទៀតទេ។ ដូច្នេះ ក្នុងឆ្នាំនេះ លោកសំណូមពរដល់អ្នកទទួលការ ពេលដេញបានគម្រោងហើយកុំយកទៅទុកចោល ដូចអ្នកម៉ៅការមុនទៀត ចៀសសវាងការបញ្ចូលឈ្មោះទៅក្នុងបញ្ជីខ្មៅ ហើយមិនអនុញ្ញាតិឲ្យចូលរួមដេញថ្លៃជារៀងរហូត។
គួរបញ្ចាក់ដែរថា នេះជាលើកទីមួយហើយ សម្រាប់ខេត្តកំពង់ចាម ដែលមានវត្តមានអភិបាលខេត្ត បានចុះសង្កេតដោយផ្ទាល់ ក្នុងដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ហើយក្នុងនោះគេបានឃើញថា ដំណើរការដេញថ្លៃ មានភាពរលូន អ្នកទទួលការអាចចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដែលម្ចាស់លទ្ធកម្ម អាចទទួលយកបាន និងអត្រាដេញចុះច្រើនភាគរយ ដែលធ្វើឲ្យសល់លុយច្រើន សម្រាប់បន្តក្នុងការអភិវឌ្ឍនមូលដ្ឋាននរបស់ខ្លួន។ ជាមួយគ្នានោះដែរ ក៏មានអ្នកទទួលការមួយចំនួន បានបញ្ចេញមតិសាទរ ចំពោះវិធានការយ៉ាងក្តៅគគុក របស់លោកអភិបាលខេត្ត ក្នុងការលុបបំបាត់ លែងឲ្យមានរឿងទឹកតែ ទឹកប្រហុក ក្នុងដំណើរការដេញថ្លៃ ដែលប្រការនេះ ធ្វើឲ្យអ្នកទទួលការ ត្រឡប់មកអនុវត្តន៍ក្រមសីលធម៌ ចូលរួមដេញថ្លៃ ប្រកបដោយការប្រកួតប្រជែងត្រឹមត្រូវ មានតម្លាភាព និងគណនេយ្យភាព ផងដែរ៕