(ភ្នំពេញ)៖ និស្សិតគ្រប់ឯកទេស នៃថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រមាណ១៣០នាក់ ដឹកនាំដោយលោក សួស សោភា ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នារសៀល ថ្ងៃទី២៤ ខែសីហា បានធ្វើទស្សនកិច្ចសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
គោលបំណងនៃទស្សនកិច្ចសិក្សានេះធ្វើឡើង ដើម្បីឱ្យនិស្សិតបាន ស្វែងយល់ពី ប្រវត្តិ បេសកកម្ម រចនាសម្ព័ន្ធ តួនាទីភារកិច្ច ដំណើរនីតិកម្ម ព្រមទាំង ចំណុចសំខាន់ៗ ជាច្រើន ទៀតដែលស្ថាប័ន១នេះ បានបំពេញក្នុងពេលកន្លងមករហូតដល់បច្ចុប្បន្ន ។
លោក សួស សោភា បានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជារៀងរាល់ឆ្នាំតែងតែដឹកនាំនិស្សិតចុះទស្សនកិច្ចសិក្សានៅតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងដើម្បីផ្សារភ្ជាប់ការសិក្សាទៅ នឹងការអនុវត្តជាក់ស្ដែង ដើម្បីជាប្រយោជន៍ ទទួលបាននូវបទពិសោធន៍និងចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់និស្សិត។
លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល បានថ្លែងថាសាលាភូមិន្ទរដ្ឋបាល ដែលជាសាលាគោលខាងការបណ្តុះបណ្តាលភ្នាក់ងារ នៃរដ្ឋបាលសាធារណៈ ទទួលបន្ទុកមុខងារមួយយ៉ាងសំខាន់ គឺជ្រើសរើស បណ្តុះបណ្តាល និងធ្វើវិក្រិត្យការមន្ត្រីរាជការដែលត្រូវបម្រើរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់រដ្ឋ និងត្រូវក្លាយទៅជាតួអង្គមិនលំអៀងនៃការប្រែប្រួល ជាអ្នកធានាពហុនិយម និងសន្តិភាពរបស់ប្រជាពលរដ្ឋ និងជាសសរគោលនៃការធ្វើទំនើបកម្មរបស់ប្រទេស។
លោកក៏បានលើកឡើងថា សាលាភូមិន្ទរដ្ឋបាលបានបំពេញបេសកកម្មបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្ស និងអ្នកជំនាញឯកទេសនានាប្រកបដោយជំនាញ និងមនសិការវិជ្ជាជីវៈខ្ពស់ ជួយដល់ការអនុវត្តបេសកកម្មអភិបាលកិច្ចល្អ លើកកម្ពស់គុណភាព តម្លាភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់។
សាលាភូមិន្ទរដ្ឋបាល ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តនៃប្រទេស កម្ពុជានាឆ្នាំ១៩១៤ ដោយព្រះរាជក្រមលេខ៨៥-នសចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ ១៩៥៦ តាមគំនិតផ្តួចផ្តើមរបស់សម្តេចព្រះមហាវីរៈក្សត្រសមេ្តចព្រះវរបិតាឯករាជ្យជាតិ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្ដែនៅពេលបង្កើតឡើងដំបូងនោះគេមិនហៅ សាលាភូមិន្ទរដ្ឋបាលទេ គឺគេហៅសាលាក្រមការ ដែលមានការបណ្តុះបណ្តាលមន្រ្តីរាជាការ។
ចាប់ពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៣ សាលាភូមិន្ទរដ្ឋបាលស្ថិតក្រោមទីស្ដីការគណៈរដ្ឋមន្រ្តី ហើយពីឆ្នាំ២០១៣រហូតដល់បច្ចុប្បន្នស្ថិតក្រោមក្រសួងមុខងារសាធារណៈ។
លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្តុះបណ្តាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល ក៏បានផ្តល់បទបង្ហាញស្តីពីលក្ខខណ្ឌជ្រើសរើសក្របខណ្ឌមន្រ្តីរាជការស៊ីវិល ដំណើរការជ្រើសរើសមន្ត្រីរាជការស៊ីវិលការត្រៀមលក្ខណៈដើម្បីប្រឡងចូលមន្ត្រីរាជាការ និងបានបកស្រាយនូវ សំណួរដែលនិស្សិតបានលើកឡើងបានយ៉ាងក្បោះក្បាយផងដែរ។
លោកក៏បានបញ្ជាក់ថា សាលាភូមិន្ទរដ្ឋបាល បានរៀមចំគោលការណ៍ លក្ខខណ្ឌ និងនីតិវិធីសម្រាប់ប្រឡងជ្រើសរើសនិស្សិត និងមន្ត្រីរាជការដើម្បីចូលមកទទួលការបណ្តុះបណ្តាលជាសិស្ស មន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ។ បន្ទាប់មកក្រុម និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទៅ ទស្សនាកន្លែង ធ្វើការសំខាន់ៗ របស់សាលាភូមិន្ទរដ្ឋបាល ដូចជារូបសំណាក់តាព្រហ្ម កន្លែងធ្វើការសំខាន់របស់សាលា និងបណ្ណាល័យជាដើម។
សូមបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានការបណ្តុះបណ្តាលគ្រប់កំរិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើគ្រប់ឯកទេសទាំងអស់ ទំនាក់ទំនងចុះឈ្មោះ ឬ សាកសួរព័ត៌មានលេខទូរស័ព្ទលេខ៖០១៥ ៧២០ ០៧២៕