(ភ្នំពេញ)៖ ដោយបានយកជីវិតរបស់ខ្លួនផ្ទាល់ ធ្វើជាដើមទុនដើម្បីសង្គ្រោះជាតិ និងសង្គ្រោះជីវិតប្រជាជនចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន ត្រូវបានពិភពលោកទទួលស្គាល់ថាគឺជាមេដឹកនាំ ដែលបានឈរជើងបានយូរនៅក្នុងការដឹកនាំជាតិ និងបម្រើប្រជាជនរបស់ខ្លួន និងអភិវឌ្ឍប្រទេសចេញពីគំនរផេះផង់ សង្គ្រាម ឈាមនិងទឹកភ្នែក មកជាប្រទេសដែលមានសុខសន្តិភាព ការរីកចម្រើនលើ គ្រប់វិស័យ កំណើនសេដ្ឋកិច្ចប្រមាណ ៧%ក្នុងមួយឆ្នាំ និងពលរដ្ឋមានជីវភាពធូរធារ។

ជាអ្នកនយោបាយនិងជាមេដឹកនាំប្រកបដោយបទពិសោធ មានទេពកោសល្យខ្ពស់ក្នុងការដឹកនាំ ប្រទេសគ្រប់វិស័យ ប្រកបដោយគុណធម៌ខ្ពស់សម្តេច ហ៊ុន សែន ត្រូវបានមនុស្សជាតិទទួលស្គាល់ថា ជាអ្នកដែលបានពន្លត់ភ្លើងសង្គ្រាមស៊ីវិលជិត ៣ ទសវត្សរ៍នៅកម្ពុជា តាមរយៈការដាក់ចុះនូវនយោបាយ ឈ្នះ-ឈ្នះ រំលាយអង្គការចាត់តាំងនយោបាយ និងយោធា របស់ក្រុមខ្មែរក្រហម បង្រួបបង្រួមជាតិខ្មែរគ្រប់និន្នាការនយោបាយដើម្បីរួមគ្នាកសាងជាតិ និងបម្រើផលប្រយោជន៍ប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋ បរុសរបស់ជាតិ និងប្រជាជនកម្ពុជាដែលបានដើរតួនាទីសំខាន់ក្នុងការសង្គ្រោះជាតិ កសាងជាតិ និងការពារ ប្រជាជនពីការការយាយីនានារបស់ក្រុមអ្នកនយោបាយបំផ្លាញជាតិ និងចៅហ្វាយនាយបរទេសពួកគេ។

នយោបាយឈ្នះ-ឈ្នះនេះ ត្រូវបានបន្តនៅគ្រប់កាលៈទេសៈនៅកម្ពុជា! នៅក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត ប្រមូលកម្លាំងនយោបា យមកពីគ្រប់បក្សទាំងអស់ដើម្បីរួមគ្នាកសាងជាតិដោយគ្រោងនឹងបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់ យោបល់មួយនៅក្នុងពេលឆាប់ៗខាងមុខ។ នេះគឺជាការផ្តល់ឱកាសដល់ខ្មែរគ្រប់និន្នាការនយោបាយចូល រួមបញ្ចេញមតិយោបល់ និងកែលម្អលើដំណើរការគ្រប់គ្រងជាតិ ដែលជាក្តីប្រាថ្នារបស់ពលរដ្ឋគ្រប់រូប។ ពលរដ្ឋខ្មែរចង់ឃើញអ្នកនយោបាយមានភាពចាស់ទុំអង្គុយធ្វើការជាមួយគ្នាដើម្បីបម្រើជាតិ និងបម្រើផល ប្រយោជន៍ប្រជាជនកម្ពុជា។ គណបក្សនយោបាយផ្សេងៗទៀតក៏បានបង្ហាញនូវភាពចាស់ទុំរបស់ខ្លួន និងបានស្វាគមន៍គំនិតផ្តួចផ្តើមប្រកបដោយផលប្រយោជន៍ជាតិរបស់សម្តេចតេជោ ហ៊ុន សែន។

ពលរដ្ឋខ្មែរ សង្ឃឹម និងជឿជាក់ថា កម្ពុជានឹងកាន់តែមានការអភិវឌ្ឍខ្លាំងបន្ថែមទៀត ក្រោយពីគ្រប់គណបក្សនយោ បាយពួតដៃគ្នាធ្វើការរួមគ្នា រិះគន់ដើម្បីស្ថាបនាក្រោមដំបូលស្ថាប័នឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោ បល់។ ផ្ទុយពីក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក បានខិតខំបំផ្លាញកម្ពុជា និងប្រឆាំងនឹងផលប្រ យោជន៍របស់ប្រជាជនខ្មែរតាមរយៈការអង្វរឱ្យបរទេសដាក់គមនាបនយោបាយ និងសម្ពាធសេដ្ឋកិច្ច និង ថែមទាំងអំពាវនាវឱ្យបរទេសឈប់វិនិយោគនៅកម្ពុជា ឈប់ផ្តល់ជំនួយឱ្យកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជាថែមទៀតផង ដែលទង្វើនេះគឺជាការវាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែរ។

ទន្ទឹមនឹងការបង្រួបបង្រួមកម្លាំងគណបក្សនយោបាយដើម្បីកសាងជាតិ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចក្នុងការទូលស្នើសុំការលើកលែងទោស និងអនុគ្រោះទោសពីព្រះមហាក្សត្រខ្មែរចំពោះអ្នកទោសទាំងឡាយ ក៏បានផ្តល់ការសន្តោសប្រណីចំពោះជនជាប់ទោស ពីបទល្មើសមួយចំនួនដែលបានទទួលស្គាល់នូវទោសកំហុស និងបានសុំទោស។ យោងតាមសម្តេចតេជោ ហ៊ុន សែន នៅពេលបុណ្យភ្ជុំខាងមុខ នឹងមានការក្រាបបង្គំស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ជូនចំពោះអ្នកទោសជាច្រើនទៀតក្នុងនោះមានអតីតសមាជិកបក្សប្រឆាំង ១២ រូបដែលពាក់ព័ន្ធនឹងកុប កម្មប្រឆាំងនឹងរាជការសាធារណៈទៀតផង។ ប៉ុន្តែសម្តេចតេជោ បានព្រមានថា សូមកុំបកស្រាយថាការ ដោះលែងនេះគឺមកពីសម្ពាធអន្តរជាតិ ព្រោះនេះគឺជាការសន្តោសប្រណីក្នុងនាមខ្មែរ។ ការព្រមាននេះ ដើម្បីទប់ស្កាត់ការទាញចំណេញផ្នែកនយោបាយរបស់ក្រុមប្រឆាំងរត់ចោលស្រុកជាពិសេសមេចលនា ឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ សម រង្ស៊ី។

សម រង្ស៊ី ដែលបានដឹកនាំមនុស្សមួយចំនួនឱ្យដើរផ្លូវខុស និងជាប់ទោសបានព្យាយាមឌឺឌង ចំពោះសម្តេចតេជោ ហ៊ុន សែន ដោយនៅតែបន្តអត្ថាធិប្បាយថា ផែនការនៃការដោះលែង អ្នកទោសគឺជា ការឆ្លើយតបនឹងសម្ពាធបរទេស។ នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ថា សម រង្ស៊ី និងគូនកនរបស់ខ្លួនមិនចង់ឱ្យអ្នកដែលចាញ់បោកខ្លួនជាប់គុក អាចមានសេរីភាពវិញឡើយ។ សម រង្ស៊ី បានយកអ្នកទោសទាំង នោះរាប់ទាំង កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ធ្វើជាចំណាប់ខ្មាំងនយោបាយរបស់ខ្លួនដើម្បី ដំឡើងតម្លៃខ្លួនដែលមនុស្សម្នាស្ទើរតែភ្លេចមុខ និងមិនចង់រំឭកពីឈ្មោះផងនោះ។ ដោយសារតែភាពចង់ ឈ្នះចាញ់ និងធ្វើនយោបាយសងសឹកដូច្នេះហើយបានជា សម រង្ស៊ី និងក្រុមរបស់ខ្លួនតែងតែបំពានច្បាប់ និងត្រូវប្រឈមមុខគុកច្រវ៉ាក់។ ប្រសិនបើកម្ពុជាធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមនេះ ទំនងកម្ពុជានឹងដូចជា ប្រទេសស៊ីរី ឬលីប៊ីពេលនេះជាមិនខាន។

ប៉ុន្តែដោយសារតែមានតួអង្គសម្តេចតេជោ ហ៊ុន សែន ជាមនុស្សមានភាពអធ្យាស្រ័យ សន្តោស ប្រណីចំពោះមនុស្សគ្រប់រូប និងមានការបង្រួបបង្រួមកម្លាំងជាតិខ្មែរ ទើបធ្វើឱ្យកម្ពុជាបានងើប ឈររឹង មាំ និងប្រកបដោយមោទនភាព ជាដៃគូស្មើ់ភាព និងស្មើសិទ្ធិជាមួយប្រទេសនានានៅលើសកលលោក និងធ្វើឱ្យកម្ពុជាជាប្រទេសមួយ មានសុខសន្តិភាព និងការអភិវឌ្ឍក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ខ្មែរជាទីគោរពសក្ការៈនៃយើងទាំងអស់គ្នា។ ការអធ្យាស្រ័យ និងការបង្រួបបង្រួមខ្មែរដើម្បីកសាងជាតិ គឺជាវប្បធម៌នយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលពលរដ្ឋខ្មែរជឿទុកចិត្ត៕

ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៨