(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនជាតិចិន ចំនួន១៧នាក់ ដោយសារតែពួកគេបានវាយគ្នាយ៉ាងអនាធិបតេយ្យ នៅក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ០០៖៣០នាទី រំលងអាធ្រាត្រ នៅចំណុចក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីហិង្សាដោយចេតនា រវាងជនជាតិចិន និងជនជាតិចិន២ក្រុម បានកើតឡើងបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ហើយបច្ចុប្បន្នអ្នករបួសនេះ កំពុងសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអន្តរាគមន៍ពិសេស ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ ជួន ណារិន្ទ បានចុះទៅដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនបានជនជាតិចិន ចំនួន១៧នាក់ មកធ្វើការសាកសួរតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវ សួរចម្លើយ និងការចង្អុលបង្ហាញរបស់ជនរងគ្រោះ អ្នកដែលបានប្រព្រឹត្តអំពើហិង្សាដោយចេតនា ទៅលើជនរងគ្រោះ មានតែ២នាក់ ក្នុងចំណោម ១៧នាក់ដូចខាងលើ។
ជនរងគ្រោះឈ្មោះ DO LI ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ EC៩៩៥៨០៧៨ មុខរបរ បុគ្គលិកអនឡាញនៅកាស៊ីណូ LIXIN ជាន់ទី៣ ស្នាក់នៅអាគារបុគ្គលិករបស់កាស៊ីណូ LIXIN ក្នុងក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ ជនរងគ្រោះ បានរងរបួសយ៉ាងធ្ងន់ ហើយកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន ២នាក់គឺ៖ ១-ឈ្មោះ LI HONG CHANG ភេទប្រុស អាយុ២៣ឆ្នាំ និង២-ឈ្មោះ LIU YI CHANG ភេទប្រុស អាយុ២៦ឆ្នាំ។ ជនសង្ស័យទាំងពីរនាក់ ជាជនជាតិចិនដូចគ្នា មុខរបរ បុគ្គលិកអនឡាញនៅកាស៊ីណូ LIXIN ជាន់ទី៣ ស្នាក់នៅអាគារបុគ្គលិករបស់កាស៊ីណូ LIXIN ស្ថិតក្នុងក្រុមទី២៣ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុដូចគ្នា និងជាជនដៃដល់ដូចគ្នា។
វត្ថុតាងចាប់យកបានរួមមាន៖ ពិលឆក់ ០២ដើម, ដងដែកជូតផ្ទះ ០១ដើម, បំពង់ទីបជ័រ ០១ដើម, ដែកដំទឹកកក ០១ដើម ខ្សែលោតអន្ទាក់ ០១ខ្សែ។
ករណីនេះកើតឡើងដោយសារតែជនសង្ស័យ បានចោទប្រកាន់ជនរងគ្រោះថា បានលួចលុយរបស់ក្រុមហ៊ុនតាមប្រព័ន្ទអនឡាញ ហើយក៏ប្រើហិង្សាទៅលើជនរងគ្រោះតែម្តង។ ជនសង្ស័យត្រូវបានកម្លាំងជំនាញ បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕