(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការខេត្តគឺ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានស្រាវជ្រាវឈានដល់ការចាប់ខ្លួន ជនជាតិចិនចំនួន៤នាក់បន្ថែមទៀត ពាក់ព័ន្ធទៅនឹងការដើរចែកខិត្តប័ណ្ណរូបភាពអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ នៅក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា កម្លាំងនគរបាល បានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ក្នុងនោះមានប្រុស២នាក់ ស្រី២នាក់ ពីបទផ្សព្វផ្សាយខិត្តប័ណ្ណរូបភាពអាសអាភាស និងសេវាកម្មបម្រើផ្លូវភេទ។
ប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ២៣៖៣០នាទី នៅចំណុចភ្នំខៀវ ក្នុងក្រុមទី១ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។
បើតាមរបាយការណ៍ ការបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន ចំនួន៤ម្នាក់នេះ សមត្ថកិច្ចក៏បានដកហូតភស្តុតាងមួយចំនួន រួមមាន៖ ទូរស័ព្ទចំនួន៤គ្រឿង, ខិត្តប័ណ្ណមានរូបអាសអាភាសចំនួន៦៨៤សន្លឹក, និងរថយន្តមួយគ្រឿងម៉ាក លុចស៉ីសពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2O-8959 ផងដែរ។
ជនជាតិចិនទាំង៤នាក់ មិនមានលិខិតឆ្លងជាប់នឹងខ្លួននោះទេ ដែលមានឈ្មោះដូចខាងក្រោម៖ ១- Xiang zi អាយុ១៩ឆ្នាំ ភេទស្រី, ២- Chao jian ring អាយុ១៨ឆ្នាំ ភេទស្រី, ៣- Liu xiong fei អាយុ២៧ឆ្នាំ ភេទប្រុស, និង៤- Duan yu cheng អាយុ៣៦ឆ្នាំ ភេទប្រុស។
អ្នកទាំង៤បានធ្វើសកម្មភាព ដោយចតរថយន្តនៅចំណុចខាងលើ ក្នុងគោលបំណង ចែកខិតប័ណ្ណផ្សព្វផ្សាយរូបអាសអាភាស។ ពេលសមត្ថកិច្ចត្រួតពិនិត្យ ពួកគាត់បានកាយខិតប័ណ្ណផ្សព្វផ្សាយរូបភាពអាសអាភាស ក្នុងន័យបង្កប់សេវាផ្លូវភេទ ទម្លាក់ចុះពីតាបឡូរថយន្តមកក្រោម។ ឃើញសភាពបែបនេះកម្លាំងជំនាញ បាននាំពួកគាត់មក អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ តែពួកគាត់មិនព្រមសហការ ជាមួយសមត្ថកិច្ចឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នករណីនេះកម្លាំងជំនាញ កំពុងបន្តតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការចុះបង្ក្រាប និងឃាត់ខ្លួន ការដើរចែកខិត្តប័ណ្ណអាសអាភាស និងបម្រើសេវាកម្មផ្លូវភេទ របស់ជនជាតិចិន ដែលឈានដល់ការឃាត់ខ្លួនជាច្រើននាក់ផងដែរ៕