(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិននៅថ្ងៃទី២៥ ខែសីហា នេះ បានរៀបចំពិធីសែនក្បាលទឹកឬបុណ្យភ្ជុំចិន ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងរកស៊ីមានបានត្រជាក់ត្រជុំដល់ក្រុមគ្រួសារ។
ពិធីសែនក្បាលទឹក មានការរៀបចំខុសៗគ្នាតាមទម្លាប់ និងការនិយម គ្រួសារខ្លះ សែនផ្លែឈើ នំនែកពីព្រឹក ហើយពេលថ្ងៃត្រង់ សែនបាយសម្លម្តងទៀត ក៏សន្មត់ថាចប់ ដោយមិនសែនពេលល្ងាចនោះទេ។
តែគ្រួសារខ្លះ ក៏សែនល្ងាចម្តងទៀត តាមជំនឿ និងធនធានដែលខ្លួនមាន។ បន្ទាប់ពីការសែនព្រែនរួចហើយ គេនៅមានដុតបូជា ក្រដាសសែនផ្សេងៗ មានលុយ មាសប្រាក់ សម្លៀកបំពាក់ និងគ្រឿងសែនក្រដាសផ្សេងៗទៀត មានតាំងពីប៉ាស្ព័រ វីសារ សំបុត្រយន្តហោះ រថយន្ត ផ្ទះជាដើម ។
លោកបណ្ឌិត ជា មុនីឫទ្ធិមន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា ពិធីសែនក្បាលទឹកជាភាសាចិនថា ពិធីចុងយាន ឬ ពិធីបុណ្យខ្មោច ប៉ុន្តែវាត្រូវបានបកប្រែ និងប្រើប្រាស់ជាសកលនៅក្នុងប្រទេសកម្ពុជារៀងរហូតមកថាជា ពិធីសែនក្បាលទឹក។ ពិធីនេះត្រូវបានគេប្រារព្វឡើងនាថ្ងៃទី១៥កើត ខែ៧ តាមច័ន្ទគតិរបស់ជនជាតិចិន ហើយដែលឆ្នាំនេះត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨។ ជនជាតិចិនដែលតែងប្រតិបត្តិជំនឿនេះមានជនជាតិចិនទាជីវ ហុកគាង ខិ និងកន្តាំងជាដើម ដែលបានរស់នៅក្បែទន្លេ ឬសមុទ្រ។
ការរៀបចំរណ្តាប់សែនព្រេននៅក្នុងពិធីសែនក្បាលទឹកនេះ មិនខុសគ្នានឹងពិធីសែនឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនោះទេ។ ឆ្លងតាមការសិក្សាកន្លងមក យើងឃើញថាពិធីនេះរៀបចំក្នុងគោលគំនិតសំខាន់ចំនួន៤គឺ
ទី១-ឧទ្ទិសកុសលជូនដល់បុព្វការី និងប្រែត
ទី២-អរគុណចំពោះទឹកទន្លេ ឬសមុទ្រដែលតែងបានជួយលើកតម្កើងជីវភាពរស់នៅតាមរយៈភោគផលនេសាទ កសិកម្ម និងពាណិជ្ជកម្ម
ទី៣-ជួបជុំគ្នាឡើងវិញក្រោយពិធីចូលឆ្នាំថ្មីរយៈពេល៦ខែកន្លងមក ដើម្បីចែករំលែកនូវពុទ្ធិ និងបទពិសោធន៍នានាក្នុងជីវភាពប្រចាំថ្ងៃ ហើយបន្តទស្សនៈវិស័យសម្រាប់ពេលខាងមុខបន្តទៀត
ទី៤-ប្រកាសអាសន្ន ឬផ្តល់ព័ត៌មានបន្ទាន់ដល់អ្នកទាំងឡាយណាដែលរស់នៅជាប់នឹងមាត់ទឹកថាទឹកចាប់ផ្តើមតម្លើងកម្ពស់របស់ខ្លួន។
គួរម្លឹកថា ពិធីសែនក្បាលទឹកជាជំនឿមួយក្នុងចំណោមជំនឿជាច្រើនរបស់ជនេជាតិចិន វៀតណាមប៉ុណ្ណោះ។ វាមិនមានចែង ក្នុងច្បាប់ក្រមទំនៀមទម្លាប់ខ្មែរនោះឡើយ តែដោយហេតុថា ប្រទេសកម្ពុជាមានចម្រុះជនជាតិ ជំនឿសាសនា និងអបិយជំនឿ រាជរដ្ឋាភិបាល មិនបានហាមឃាត់នោះទេ៕