(ភ្នំពេញ)៖ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រកាសឲ្យអតិថិជនអាចចូលទស្សនាបន្ទប់គំរូ បានជាផ្លូវការក្នុងពេលឆាប់ៗនេះ បន្ទាប់ពីគម្រោងថ្មីនេះ បានបើកការដ្ឋានសាងសង់ កាលពីពេលថ្មីៗនេះ។
តំណាងក្រុមហ៊ុន បានបញ្ជាក់ថា អ៊ីនធឺណាសិនណល ផ្លាហ្សា ផ្លូវសហព័ន្ធរុស្សី គឺជាគម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារធំទីបី របស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅរាជធានីភ្នំពេញ បន្ទាប់ពីគម្រោងអគារស្នាក់នៅរួមមជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ដែលត្រូវបានប្រគល់ផ្ទះជូនអតិថិជន និងគម្រោងព្រីនស៍ ម៉ូឌើន ផ្លាហ្សា ដែលកំពុងស្ថិតក្នុងដំណាក់ការសាងសង់ ។
ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា គឺជាគម្រោងខ្នាតធំ ដែលជាអគារចម្រុះ និងពហុមុខងារបែបច្រកចេញចូលតែមួយ ដែលមានទំហំសរុបរហូតដល់២០ម៉ឺនម៉ែត្រការ៉េ មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជាចំណុចប្រសព្វគ្នារវាងខណ្ឌសែនសុខ ខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលកំពុងមានសន្ទុះអភិវឌ្ឍន៍ខ្លាំងក្លា និងប្រកបដោយសក្តានុពលបំផុត នៅរាជធានីភ្នំពេញ។
លោកបន្តថា គម្រោងនេះ នឹងនាំមកនូវទម្រង់អភិវឌ្ឍន៍ថ្មីសម្រាប់រាជធានីភ្នំពេញ ដោយរួមមាន៖ អគារការិយាល័យលំដាប់៥A មជ្ឈមណ្ឌលទិញទំនិញ និងអគារស្នាក់នៅរួមលំដាប់ផ្កាយជាដើម ដែលបណ្តុំនូវមុខងារជាច្រើន ដូចជា ធុរកិច្ច ការទិញទំនិញ ភោជនីយដ្ឋាន កន្លែងកម្សាន្ត និងលំហែកាយ ជាតំបន់ជីវិតរស់នៅបែបថ្មី ពោរពេញទៅដោយភាពទាក់ទាញ ផាសុខភាព សុវត្ថិភាព និងល្អដាច់គេ នៅរាជធានីភ្នំពេញ នាពេលអនាគត។
លោកបន្ថែមថា ក្រៅពីរាជធានីភ្នំពេញ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ក៏បាននិងកំពុងអភិឌ្ឍគម្រោងធំៗ មួយចំនួនមានដូចព្រីនស៍ ខូលីណឹន បេ ព្រីនស៍ អាយធី បៀលឌីង នៅខេត្តព្រះសីហនុផងដែរ ហើយនៅថ្ងៃអនាគត ក្រុមហ៊ុននឹងពង្រីកការអភិវឌ្ឍទៅដល់ខេត្តសៀមរាប និងតំបន់ទេសចរណ៍ផ្សេងៗបន្ថែមទៀត។
គម្រោងអគារពាណិជ្ជកម្មចម្រុះ និងពហុមុខងារនេះ មានអគារសរុបចំនួន៥ ក្នុងនោះ ២អគារជាការិយាល័យ និងអគារប្រណិតចំនួន៣ទៀតជាខុនដូ ដែលក្នុង១អគារមានកម្ពស់១២ជាន់ មាន៤៥៦បន្ទប់ នឹងអាចប្រគល់ជូន អតិថិជនស្នាក់នៅក្នុងចុងឆ្នាំ២០២០នេះផងដែរ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានវិនិយោគទុនសរុបជាង១២០០លានដុល្លារអាមេរិក និងក្នុងរយៈពេល១០ឆ្នាំខាងមុខ ក្រុមហ៊ុននឹងបង្កើនទុនវិនិយោគ ៥០០០លានដុល្លារអាមេរិកបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា៕