(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានអះអាងថា សហភាពអឺរ៉ុប ពេលនេះនៅតែបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ប្រទេសកម្ពុជា ដោយមិនទាន់មានការសម្រេចណាមួយថា នឹងដក EBA នេះនៅឡើយទេ។
ប្រព័ន្ធអនុគ្រោះពន្ធ «កម្មវិធីអ្វីៗទាំងអស់លើកលែងតែអាវុធ» (EBA) ត្រូវបានអនុម័តដោយវិធានរបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលឆ្នាំ២០០១ ដោយអនុញ្ញាតឱ្យប្រទេសកម្ពុជា ក៏ដូចជាប្រទេសក្រីក្រផ្សេងទៀត អាចនាំចូលទំនិញគ្រប់យ៉ាងទាំងអស់ លើកលែងតែសព្វាវុធទៅសហភាពអឺរ៉ុប ដោយមិនមានការបង់ពន្ធនៅក្នុងការនាំចូលឡើយ។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយនៅសណ្ឋាគារ Le Royal កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ លោក George Edgar បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «ចំពោះបញ្ហា EBA នេះគឺកំពុងដំណើរការបន្ត»។ លោកបានបន្តថា «លោកអ្នកប្រហែលជាបានជ្រាបហើយអំពីការជួបរវាងគណៈកម្មការអឺរ៉ុប ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។ ការជួបផ្ទាល់នេះគឺឆ្លុះបញ្ចាំងពីការព្រួយបារម្ភរបស់អឺរ៉ុប ជុំវិញការវិវឌ្ឍស្ថានភាពនយោបាយចុងក្រោយនៅកម្ពុជា កាលពីឆ្នាំមុននេះ ជាពិសេសការអនុវត្តទៅលើគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា និងរបៀបធ្វើការងាររវាងរដ្ឋាភិបាល និងសង្គមស៊ីវិល»។
លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់បន្តថា «ចំណុចទាំងនេះ គឺមានភាពពាក់ព័ន្ធ នឹងការរៀបចំធ្វើពាណិជ្ចកម្មដោយសារកម្មវិធី EBA និង GSP ដែលផ្តល់ដោយសហគមន៍អឺរ៉ុបនេះ គឺផ្តល់ដោយភ្ជាប់ជាមួយលក្ខខណ្ឌ ដែលលក្ខខណ្ឌនោះ គឺគោរពទៅតាមអនុសញ្ញាអន្តរជាតិមួយចំនួនពាក់ព័ន្ធជាមួយសិទ្ធិមនុស្ស និងសិទ្ធិការងារ»។
កាលពីចុងខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនមន្រ្តីជំនាញមួយក្រុមក្រុមទៅកាន់អឺរ៉ុប ដើម្បីបកស្រាយពន្យល់ពីស្ថានភាពពិតប្រាកដដែលកើតឡើងនៅកម្ពុជា ជូនដល់សហភាពអឺរ៉ុប បន្ទាប់ពីមានការវាយប្រហាររិះគន់ជាបន្តបន្ទាប់ពីក្រុមប្រឆាំង និងជនបរទេសមួយចំនួនថា កម្ពុជារំលោភសិទ្ធិមនុស្ស ហើយពួកគេទាមទារឱ្យអឺរ៉ុបដកប្រព័ន្ធ EBA។ ទាក់ទងនឹងបញ្ហានេះ សហភាពអឺរ៉ុបក៏បានបញ្ចូនគណៈប្រតិភូពិសេសមកកាន់ប្រទេសកម្ពុជាវិញផងដែរ ដើម្បីស្វែងរកការពិត។
លោក George Edgar បានបន្តទៀតថា «ដំណើរការនៃកិច្ចសហការផ្ទាល់រវាងគណៈកម្មការអឺរ៉ុប និងប្រទេសកម្ពុជាគឺកំពុងបន្តទៀត។ ខ្ញុំមិនចង់ទាញមុនថា ដំណើរការ (EBA) នេះនឹងបញ្ចប់ពេលណានោះទេ ប៉ុន្តែខ្ញុំសូមបញ្ជាក់ថាបញ្ហាសិទ្ធិមនុស្សគឺជាបញ្ហាដែលសហភាពអឺរ៉ុបទាំងមូល គិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង»។
សូមបញ្ជាក់ថា ក្នុង១ឆ្នាំៗកម្ពុជា បាននាំចេញផលិតផលកាត់ដេរសំលៀកបំពាក់ និងស្បែកជើងទៅកាន់សហភាពអឺរ់ុបច្រើនជាងគេ ដោយទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះ។ ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធដល់ការនាំចូលអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) បានធ្វើឱ្យកម្ពុជាចំណេញប្រមាណជាង៦០០លានដុល្លារក្នុង១ឆ្នាំៗ៕