(ពោធិ៍សាត់)៖ ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា សមត្ថកិច្ចស្រុកក្រវាញ បាននិងកំពុងស្រាវជ្រាវករណីឃាតកម្មដ៏សាហាវព្រៃផ្សៃមួយ ពាក់ព័ន្ធករណីប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានជនសង្ស័យកាត់ក្បាល ទម្លាក់ចូលទៅក្នុងទឹកស្ទឹងរលាបព្រក។
តាមសមត្ថកិច្ចបានឱ្យដឹងថា សាកសពនេះត្រូវបានប្រទះឃើញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៩៖៣០នាទីព្រឹក នៅចំណុចស្ទឹងរលាបព្រក ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះមានឈ្មោះ ម៉ែន ថា ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិត្រាំងសេះ ឃុំបឹងបត់កណ្ដាល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ក្រោយពីសមត្ថកិច្ចជំនាញស្រុក សហការជាមួយកម្លាំងជំនាញនគរបាលខេត្ត ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យ និងស្រាវជ្រាវ រួចសន្និដ្ឋានបានថា ករណីនេះបណ្ដាលមកពីទំនាស់ពាក្យសម្ដី។ បន្ទាប់ពីកម្លាំងជំនាញធ្វើការបំភ្លឺ ប្រពន្ធរបស់ជនរងគ្រោះឈ្មោះ យ៉ម ហុន និងប្រជាពលរដ្ឋឈ្មោះ អឹម សុខា បានឱ្យដឹងថា មានជនសង្ស័យចំនួន០៣នាក់ អាចពាក់ព័ន្ធករណីឃាតកម្មខាងលើ៕