(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនកម្ពុជា ក្រុមហ៊ុន LDI Enterprise LTD បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្ដីពីអ្នកលក់នាឡិកា CASIO ដើម្បីបង្ហាញភាពជោគជ័យ និងគម្រោងថ្មីៗបន្ថែមទៀត ស្របពេលថ្នាក់ដឹកនាំក្រុមហ៊ុននាឡិកាដ៏ល្បីជប៉ុននេះ មានគម្រោងកាន់តែធំក្នុងការពង្រីកទីផ្សារក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការ និងភាពរីកចម្រើនក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ។
សន្និសីទនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោកស្រី លី គាវ អគ្គនាយិកាក្រុមហ៊ុន LDI Enterprise LTD និងលោក គួច ណាវ នាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វីស និងជប៉ុន រួមទាំងថ្នាក់ដឹកនាំនាឡិកា CASIO មកពីជប៉ុន និងភ្ញៀវជាតិ-អន្ដរជាតិជាច្រើនផងដែរ ។
លោក គួច ណាវ បានថ្លែងថា បច្ចុប្បន្ន CASIO កំពុងទទួលបានការគាំទ្រជាខ្លាំងក្នុងប្រទេសកម្ពុជា ហើយស្របពេលកំណើនសេដ្ឋកិច្ចជាតិកំពុងមានការរីកចម្រើន និងប្រជាពលរដ្ឋមានជីវភាពសមរម្យ រស់នៅជាមួយភាពទាន់សម័យ ។ ត្រង់ចំណុចនេះ លោករំពឹងថា នៅថ្ងៃអនាគត CASIO នឹងមានការប្រើប្រាស់កាន់តែច្រើន ជាមួយការជឿជាក់លើគុណភាព និងតម្លៃរបស់វា ។
បន្ថែមលើនេះ លោក Atsushi Yamaoka អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន CASIO Computer បានលើកឡើងថា បន្ទាប់ពីចាប់ដៃគូសហការជាមួយក្រុមហ៊ុនកម្ពុជាខាងលើ បានជំរុញឲ្យ CASIO កាន់តែល្បី ហើយអ្វីដែលគួរឲ្យកត់សម្គាល់ គឺនាឡិកាទំនើបម៉ាកល្បី G-SHOCK ដែលមានការពេញនិយមខ្លាំង ខណៈគិតត្រឹមឆ្នាំ២០១៨ ដែលជាខួប ៣៥ឆ្នាំ G-SHOCK លក់បានជាង ១០០លានគ្រឿងឯណោះ ។
ដោយហេតុនេះ ក្នុងពេលឆាប់ៗខាងមុខ G-SHOCK នឹងមានបង្ហាញលក់នូវផលិតផលថ្មីៗបន្ថែមទៀត ដែលកាន់តែអស្ចារ្យ ជាមួយនឹងនាឡិកាភ្ជាប់ Bluetooth ដើម្បីសម្រួលដល់ការប្រើប្រាស់ និងបំពេញមុខងារផ្សេងៗ កាន់តែច្រើន ពិសេសសម្រាប់អ្នកនិយមប្រើប្រាស់ក្នុងការកំណត់ពេលវេលា ដូចជាអ្នកលេងកីឡាជាដើម ។ ដូច្នេះលោករំពឹងថា ដោយសារការរស់នៅប្រកបដោយសុខសន្ដិភាព និងភាពរីកចម្រើនរបស់កម្ពុជាបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ នឹងគាំទ្រផលិតខ្លួនកាន់តែច្រើនបន្ថែមទៀត៕