(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយក្នុងនោះបានបញ្ជាក់ថា តំបន់ខ្ពង់រាបភាគឦសាន និងបណ្ដាខេត្ត ដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងបង្កមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។
សេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុ បានឲ្យដឹងថា កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើងនៅលើ តំបន់អាងទន្លេ ក្នុងប្រទេសថៃ និងប្រទេសឡាវ។ ទន្ទឹមនឹងនេះ ប្រទេសកម្ពុជា ក៏បាននិងកំពុងទទួលរងនូវឥទ្ធិពល ពីខ្យល់មូសុងនិរតីខ្សោយផងដែរ។
ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា យោងតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅក្នុងកម្ពុជា និងនៅតំបន់អាងទន្លេមេគង្គ មានស្ថានភាព ដូចខាងក្រោម៖
១៖ សម្រាប់ប្រទេសកម្ពុជា
* តំបន់ខ្ពង់រាបភាគឦសាន និងបណ្ដាខេត្តដែលស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម អាចនឹងបង្កមានភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន។
* បណ្ដាលរាជធានី-ខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
២៖ តំបន់អាងទន្លេមេគង្គ
* ចាប់ពីតំបន់ស្ថានីយតម្រង់ទឹកភ្លៀង-ជនសាស្ដ្រ នគរភ្នំ (ខ្សែវ័ណ្ណទី១៧ នៃរយៈពេលទទឺងខាងជើង) ទៅទិសខាងជើង អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីងបង្គួរទៅច្រើន។ ការធ្លាក់ភ្លៀងនេះ អាចនឹងបន្ដបង្កឲ្យទឹកទន្លេមេគង្គ ហក់ឡើងជាថ្មីម្ដងទៀត។
ជាមួយគ្នានេះ លោក លឹម គានហោ បានបន្ថែមទៀតថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្ដតាមដាន លើបាតុភូតធម្មជាតិនេះ យ៉ាងយកចិត្តទុកដាក់ ហើយនឹងជម្រាបជូននូវព័ត៌មាន ជាបន្ដបន្ទាប់បន្ថែមទៀត៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម៖