(ហ្សាកាតា)៖ សម្រាប់ប្រភេទកីឡាម៉ូតូទឹក ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី នឹងបញ្ចប់ការប្រកួត ២វិញ្ញាសានៅព្រឹកថ្ងៃសៅរ៍នេះ ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជាចូលរួម និងសង្ឃឹមឈ្នះមេដាយផងដែរ ពិសេសកីឡាករ សាលី អ៊ូមើត កំពុងឈរកំពូលតារាងលើវិញ្ញាសា Ski Modified(ម៉ូតូតូច) ដែលជាក្ដីរំពឹងថ្មីមួយទៀត ក្នុងការដណ្ដើមមេដាយមាសជូនជាតិ ។
សម្រាប់វិញ្ញាសា Ski Modified នឹងចាប់ផ្ដើមប្រកួតនាវេលាម៉ោង ១០ព្រឹកនេះ ដែលជាការប្រកួតវគ្គទី៤ ដើម្បីកាត់សេចក្ដីរកអ្នកទទួលបានជយលាភី ។ ប៉ុន្ដែបើក្រឡេកមើលពិន្ទុបណ្ដោះអាសន្ន ក្នុងការប្រកួត ៣ជុំកន្លងមក កីឡាករកម្ពុជា សាលី អ៊ូមើត កំពុងនាំមុខគេដាច់ដោយមាន ១៧៣ពិន្ទុ ខណៈកីឡាករថៃ Teeraprateep តាមពីក្រោយមាន ១៤១ពិន្ទុ និងកីឡាករវៀតណាម Wang Xiaowei ឈរលេខ៣ មាន ១៣០ពិន្ទុ។ ដូច្នេះ អ៊ូមើត មានសង្ឃឹមខ្ពស់ក្នុងការដណ្ដើមមេដាយមាស ប្រសិនបើគ្មានបញ្ហាបច្ចេកអំឡុងការប្រកួតទេនោះ ។
រីឯវិញ្ញាសា Runabout 1100 Stock ត្រូវចាប់ផ្ដើមការប្រកួតមុន នៅម៉ោង ៩ព្រឹក ដែលជាការប្រកួតវគ្គទី៤ ដូចគ្នា ដើម្បីកាត់សេចក្ដី ហើយក៏មានវត្តមានកីឡាករ សាលី អ៊ូមើត ចូលរួមប្រកួតដែរ ខណៈបណ្ដោះអាសន្ន គេកំពុងឈរលេខរៀងទី៤ មាន ១៣០ពិន្ទុ គ្រាដែលកីឡាករថៃ ២នាក់ឈរលេខ១ និងលេខ២ ដោយមាន ១៨០ពិន្ទុ និង ១៣៩ពិន្ទុក្នុងដៃ រួមទាំងកីឡាករអារ៉ាប់រួមឈរលេខ៣ មាន ១៣២ពិន្ទុ ។ ផ្អែកលើលទ្ធផលនេះ អ៊ូមើត នៅតែមានឱកាសក្នុងការដណ្ដើមមេដាយសំរឹទ្ធ ឬប្រាក់ បើសិនគេធ្វើបានល្អក្នុងការប្រកួតចុងក្រោយនេះ ។
គួរបញ្ជាក់ថា ក្រៅពីកីឡាម៉ូតូទឹក ថ្ងៃនេះកម្ពុជា មានអត្តពលិក ២ប្រភេទកីឡាទៀត ត្រូវធ្វើការប្រកួត រួមមានកីឡាទូកក្ដោង ត្រូវប្រកួតនាវេលាម៉ោង ១២រសៀល នៅតំបន់ឆ្នេរ Ancol Marina និងកីឡាអត្តពលកម្ម ត្រូវប្រកួតលើវិញ្ញាសារត់ចម្ងាយ ១០០ម៉ែត្របុរស និង ១០០ម៉ែត្រនារី នាវេលាម៉ោង ៥ល្ងាច នៅកីឡដ្ឋាន JBKA នាទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ប៉ុន្ដែបើគិតពីលទ្ធផលពេលនេះ កម្ពុជាទើបដណ្ដើមបានមេដាយមាស ១គ្រឿងប៉ុណ្ណោះ ដែលដណ្ដើមបានដោយកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា លើប្រភេទកីឡាជឺជិតស៊ូកាលពីម្សិលមិញ៕