(ភ្នំពេញ)៖ ក្នុងឱកាសជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ដ្រីក្រសួងសុខភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ លោក សិត សំអាត ប្រធានអង្គការមូលនិធិហ្វ្រេតហូឡូ បានបេ្ដជ្ញាបន្ដជួយអភិវឌ្ឍន៍វិស័យចក្ខុរោគនៅកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្ស និងពង្រីកកម្មវិធីរបស់ខ្លួនស្របតាមយុទ្ធសាស្ដ្ររបស់កម្មវិធីជាតិនៃក្រសួងសុខាភិបាលផងដែរ។
លោក សិត សំអាត បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យចក្ខុរោគនេះកាន់តែមានប្រសិទ្ធិភាពខ្ពស់ មូលនិធិហ្វ្រេតហូឡូ នឹងបន្ដជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចដែរកន្លងទៅដូចជា៖ សាងសង់ និងជួសជុល អគារចក្ខុរោគ, បង្កើតមន្ទីរពេទ្យស្ដារគំហើញ, បំពាក់សម្ភារបរិក្ខារទំនើប ដើម្បីអាចឲ្យសេវាសុខភាពភ្នែកដំណើរការយ៉ាងល្អប្រសើរ សម្រាប់បណ្ដុះបណ្ដាលធនធានមនុស្ស និងគ្រប់គ្រងជំងឺរបស់អ្នកជំងឺ យ៉ាងមានប្រសិទ្ធិភាពខ្ពស់។
ក្នុងឱកាសនោះរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងផងដែរថា «ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់សព្វថ្ងៃនេះ អង្គការមូលនិធិហ្រ្វេតហូឡូ បានចូលរួមអភិវឌ្ឍវិស័យចក្ខុរោគនៅកម្ពុជា ដោយចំណាយថវិកាជាង ៣០លានដុល្លារ រួមមានការអភិវឌ្ឍន៍ធនធានមនុស្ស ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងជំងឺ និងការកសាងសមត្ថភាពស្ថាប័នជាមួយកម្មវិធីជាតិសុខភាពភ្នែក ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្រ្តាលី ប្រជាជនអូស្ត្រាលី និងសប្បុរសជន នៃបណ្តាប្រទេសផ្សេងទៀត តាមរយៈអង្គការ បានជួយដល់កម្ពុជា។ ពេលនេះមូលនិធិនេះ ក៏នៅតែបន្ដជួយអភិវឌ្ឍន៍លើវិស័យនោះបន្ថែមទៀត ដែលជាការឆ្លើយតបមួយទៅនឹងតំរូវរបស់ប្រជាពលរដ្ឋយើង»។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បន្ដថា «អង្គការ មូលនិធិហ្រ្វេតហូឡូ បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សមនុស្ស រហូតទៅដល់កម្មវិធីលុបបំបាត់ពិការភ្នែករបស់យើង ជាពិសេសថ្មីៗនេះ អង្គការសុខភាពពិភពលោក ប្រគល់លិខិតបញ្ជាក់ ពីការលុបបំបាត់ ជំងឺត្រាក់កូមនៅកម្ពុជា ដល់ក្រសួងសុខាភិបាលផងដែរ ដែលភាពជោគជ័យរបស់កម្ពុជានេះ គឺមានចំណែកចូលរួមយ៉ាងច្រើនពីមូលនិធិ ហ្វ្រេតហូឡូនេះតែម្ដង» ។
សូមជម្រាបថា អង្គការមូលនិធិហ្រ្វេតហូឡូ បានផ្តោតការយកចិត្តទុកដាក់ជាដំបូង គឺការអនុវត្តធនធានមនុស្ស ដោយបណ្តុះបណ្តាលចក្ខុបណ្ឌិត លើជំនាញបច្ចេកទេសវៈកាត់ភ្នែកឡើងបាយ ដោយប្រើកែវសប្បនិម្មិត។ នៅឆ្នាំ២០០១ មូលនិធិ បានពង្រីកកម្មវិធីរបស់ខ្លួនស្របតាមយុទ្ធសាស្រ្តរបស់កម្មវិធីជាតិ នៃក្រសួងសុខាភិបាល ដោយសហការជាមួយមនី្ទរពេទ្យថ្នាក់ជាតិធំបី នៅរាជធានីភ្នំពេញ គឺមនី្ទរពេទ្យព្រះអង្គឌួង មនី្ទរពេទ្យមិត្តភាព
ខ្មែរ-សូវៀត មន្ទីពេទ្យរាជធានីភ្នំពេញ ដើម្បីពង្រីកសក្តានុពល នៃការបណ្តុះបណ្តាលចក្ខុរោគសាស្រ្ត និងការផ្តល់សេវាសុខភាពភ្នែកបែបទំនើបកម្មដល់ប្រជាពលរដ្ឋកម្ពុជា។
ពិសេសមូលនិធិនេះ បានសហការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើការបណ្តុះបណ្តាលចក្ខុបណ្ឌិត និងចក្ខុគិលានុបដ្ឋាក ធ្វើយ៉ាងណាឲ្យការបណ្តុះបណ្តាលនេះ ស្ថិតក្នុងប្រព័ន្ធសុខាភិបាល និងប្រកបដោយគុណភាព។
លើសពីនោះមូលនិធិហ្រ្វេតហូឡូនេះ ក៏បានពង្រីកកម្មវិធីរបស់ខ្លួនជាមួយក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងអប់រំ យុវជន និងកីឡា ផ្តោតការយកចិត្តទុកដាក់ ស្តីពីការអប់រំសុខភាពភ្នែកដល់សិស្សានុសិស្ស និងគ្រូបឋមសិក្សា សហការជាមួយក្រសួងកិច្ចការនារី ដោយបញ្ចូលបញ្ហាសុខភាពភ្នែក ជាមួយផែនការយុទ្ធសាស្រ្ត ធ្វើយ៉ាងណាដើម្បីឲ្យស្រី្ត និងកុមារី មានសិទ្ធ ស្មើបុរសក្នុងការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺភ្នែក និងការថែទាំជំងឺភ្នែកផងដែរ៕