(កណ្ដាល)៖ លោកស្រី ឃួន សុដារី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកលើកដែក ខេត្ដកណ្ដាល នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានថ្លែងថា កាលដែលប្រជាពលរដ្ឋទូទាំងប្រទេស បានទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦កន្លងទៅថ្មីៗនេះ យ៉ាងក្លូកទឹកក្លូកដីនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ពលរដ្ឋយើង គឺត្រូវការ សម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីបន្ដទៀត ដើម្បីការពារសុខសន្តិភាព និងការអភិវឌ្ឍ។
ការថែ្លងយ៉ាងដូច្នេះ បានធ្វើឡើង ក្នុងឱកាសលោកស្រី ដឹកនាំក្រុមការងារ ស្រុកលើកដែក ចុះថ្លែងអំណរគុណ ដល់សមាជិកសមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។
ថ្លែងក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណនេះលោកស្រី ឃួន សុដារី បានឲ្យដឹងថា «ប្រជាជនយើងមានភាពចាស់ទុំ យល់ដឹង ចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យ ដែលកំពុងចាក់ឬសនៅមូលដ្ឋាន ដែលក្នុងនេះ ទោះបីក្រុមប្រឆាំងខុសច្បាប់ ខំប្រឹងបំប៉ោងសភាពការណ៍ ឃោសនាបោកប្រាស់ ធ្វើយុទ្ធនាការម្រាមដៃ ស ដេកផ្ទះឈ្នះឯង ក៏មិនអាចបន្ទុចបង្អក់ការទៅចូលរួមបោះឆ្នោតរបស់ប្រជាជនយើង បាននោះឡើយ។ ពិសេសបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋ បានចូលរួមរក្សាសន្តិភាព និងជំនឿជាក់ខ្ពស់ លើសម្ដេចតេជោ ហ៊ុនសែន ធ្វើជានាយករដ្ឋមន្ដ្រី ដើម្បីបន្ដរក្សាសុខសន្ដិភាព និងការអភិវឌ្ឍ» ។
ទន្ទឹមនឹងនោះ លោកស្រី ក៏បានបង្ហាញអំពីលទ្ធផលដ៏ត្រចះត្រចង់របស់បក្ស ដែលមានប្រជាពលរដ្ឋទៅបោះឆ្នោតសរុបជាង៨៣ភាគរយ ហើយមានសម្លេងគាំទ្រគណបក្សប្រជាជនយ៉ាងច្រើនលើសលុប ។
ព្រមជាមួយគ្នានោះ លោកស្រីឃួនសុដារី បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្សទាំងអស់ កុំលាបពណ៌គ្នា ពង្រឹងសាមគ្គីភាពផ្ទៃក្នុងបក្ស ប្រមូលកម្លាំងចូលរួមពីគ្រប់និន្នាការផ្សេងៗ ព្រមទាំងជំរុញ ការផ្ដល់សេវា ឆ្លើយតបនឹងតំរូវការជូនប្រជាជន ឲ្យបានល្អទ្វេរដង ទូលាយជាងមុន មានប្រសិទ្ធិភាពជាងមុន និងផ្តល់នូវផលប្រយាជន៍ជូនប្រជាជន បានច្រើនជាងមុន ៕