(ភ្នំពេញ)៖ ក្រោយជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពឡើងវិញហើយនៅយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ បន្ទាប់ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច បរមនាថ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសតបតាមការទូលថ្វាយសុំពីនាយករដ្ឋមន្ត្រី នៃកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
បន្ទាប់ពីមានសេរីភាពឡើងវិញ លោក សួន សេរីរដ្ឋា បានបង្ហាញការសប្បាយរីករាយ ព្រមទាំងបានថ្លែងអំណរគុណព្រះមហាក្សត្រខ្មែរ និងសម្តេចតេជោ ហ៊ុន សែន ដែលបានអនុគ្រោះ និងសណ្តោសប្រណីអត់ឱនអធ្យាស្រ័យសម្រាប់រូបលោក។ លោក សួន សេរីរដ្ឋា ក៏បានសាទរផងដែរចំពោះទឹកចិត្តសណ្តោសប្រណីរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដោះលែងអ្នកនយោបាយដទៃទៀតឲ្យមានសេរីភាព។
លោក សួន សេរីរដ្ឋា ក៏បានសម្តែងទស្សនៈសុទិដ្ឋិនិយមផងដែរ ចំពោះការបង្កើត «ឧត្តមក្រុមប្រឹក្សាផ្តល់ និងពិគ្រោះយោបល់» ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ក្នុងការប្រមូលធនធានពីគ្រប់គណបក្សនយោបាយមកកសាង និងអភិវឌ្ឍន៍ជាតិ។ លោករំពឹងថា អ្នកនយោបាយកម្ពុជាទាំងអស់ នឹងរួមគ្នាប្រកួតប្រជែងដើម្បីនាំមកនូវឧត្តមប្រយោជន៍ជាតិ ជាជាងប្រយោជន៍ផ្ទាល់ខ្លួន។
លោក សួន សេរីរដ្ឋា ក៏បានអះអាងថា រូបលោក និងលោក សម រង្ស៊ី សុទ្ធតែទទួលបានការសណ្តោពីសម្តេចតេជោ ហ៊ុន សែន ពីរដងដូចគ្នា តែលោកនឹងធ្វើមិនជាមនុស្សរមិលគុណដូចលោក សម រង្ស៊ី នោះឡើយ។ តែរូបលោកនៅតែបន្តរក្សាទស្សនៈរិះគន់ ដើម្បីស្ថាបនាសង្គមជាតិ៕