(សៀមរាប)៖ អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ពិសេសគ្រោះទឹកជំនន់នោះ, លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះស្រង់ស្ថិតិ និងវាយតម្លៃ ពីផលប៉ះពាល់លើផលិតផលកសិកម្ម ស្រូវ ដំណាំ និងសត្វ និងត្រូវត្រៀមក្រុមអន្តរាគមន៍ចុះជួយសង្រ្គោះ និងស្ថារឡើងវិញឲ្យទាន់ពេលវេលា។
ការណែនាំរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយអភិបាលរងខេត្ត និងសហការរី នៅថ្ងៃទី២៤ ខែសីហានេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអង្ករចំនួន៣២តោន ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥២១គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ចំពោះផលដំណាំដែលប៉ះពាល់ត្រូវត្រៀមបំរុងស្រូវពូជ ជូពដំណាំទុកជូនពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ដើម្បីស្តារផលិតកម្មកសិកម្មឡើងវិញ នៅតាមបណ្តាខេត្តដែលទទួលរងនូវផលប៉ះពាល់ ពិសេសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។
លោករដ្ឋមន្ត្រីបានលើកឡើថា គ្រោះធម្មជាតិទឹកជំនន់ធ្ងន់ធ្ងរ ដែលបណ្តាមកពីការប្រែប្រួលអាកាសធាតុ បានបំផ្លាញ់អាយុជីវិត មនុស្ស សត្វ រុក្ខជាតិ និងផ្ទះសំបែងដោយមិនអាចចៀសផុតបានឡើយគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍។
ជាក់ស្តែងប្រទេសកម្ពុជា បាននិងកំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់ នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ពិសេសខេត្តនៅជាប់ដងទន្លេមេគង្គចំនួន ១១ខេត្ត និងដោយឡែកខេត្តសៀមរាប បានជួបគ្រោះរាំងស្ងួតដោយតំបន់។
លោកបន្តថា ទោះជាយ៉ាងណារាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជានាយករដ្ឋមន្រ្តី បានខិតខំដោះស្រាយបញ្ហាចំពោះមុខ ធ្វើយ៉ាងណាជួយសម្រាលនូវការលំបាក របស់ប្រជាពលរដ្ឋបានគ្រប់ទីកន្លែង និងគ្រប់ក្រុមគ្រួសារដោយ មិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារខ្វះស្បៀងបានឡើយ។
ក្នុងឱកាសជួបសំណេះសំណាលនោះដែរ លោក វេង សាខុន ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា ដែលសម្តេចទាំងពីរ បានផ្ញើជូននូវក្តីនឹក រលឹក សាកសួរសុខទុក្ខ និងសូមជួយចែករំលែកនូវសេចក្តី ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលបានទទួលរងនូវគ្រោះទឹកជំនន់ នៅទូទាំងប្រទេស ហើយសម្តេចបានជូនពរ និងបន់ស្រន់ឲ្យពលរដ្ឋរងគ្រោះគ្រប់ៗគ្រួសារ បានឆ្លងផុតនូវគ្រោះធម្មជាតិនេះ ឲ្យឆាប់នាពេលខាងមុខ៕