(កណ្ដាល)៖ ថ្ងៃទី១នៃមហោស្រព ព្រីនស៌ ម៉ាណ័រ ការបង្ហាញសិល្បៈគំនូរលើផ្ទៃពណ៌ជញ្ជាំង និងលើផ្ទៃមុខ ដោយសិល្បៈករ សិល្បៈការិនីជាតិ និងអន្ដរជាតិល្បីៗជាច្រើនរូប ដែលមិនធ្លាប់មាននៅកម្ពុជា កំពុងតែអង្រួនអារម្មណ៍អ្នកចូលរួមទស្សនា ដែលបានចូលរួមប្រមាណ ជាង៥ពាន់នាក់។

មហោស្រពសិល្បៈគំនូរ លើជញ្ជាំងខ្នាតអន្តរជាតិ របស់ព្រីនស៍ម៉ាណ័រលើកនេះ ត្រូវបានប្រារព្ធឡើងរយៈពេល៤ថ្ងៃដោយមានអ្នកចូលទស្សនា ប្រមាណ៥ពាន់នាក់ ក្នុងមួយថ្ងៃ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ក៏មានការបង្កើតគំនូរលើជញ្ជាំង ការប្រគុំតន្ត្រី ពិធីបុណ្យម្ហូបអាហារឆ្ងាញ់ៗ ទីផ្សារច្នៃប្រឌិត ការតាំងពិព័រណ៌គ្រឿងបរិក្ខារ ការតាំងពិពណ៌សិល្បៈជីវិត គំនូរលើផ្ទៃមុខ ។ល។

ពិធីបុណ្យនេះ ជាការប្រមូលផ្តុំសិល្បករថ្នាក់កំពូល ដែលមានទ្រង់ទ្រាយធំជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលទាក់​ចិត្តបំផុតនោះគឺ វិចិត្រសាលគំនូរលើជញ្ជាំង១គីឡូម៉ែត្រដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការបង្កើតរូបគំនូរតាមជញ្ជាំងខ្នាតយក្សនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីស្មារតីជាសាកលដែលមានលក្ខណៈពិសេស គ្មានពីរនៃវិចិត្រករគំនូរលើជញ្ជាំង និងជំនាញដ៏អស្ចារ្យ នៃគំនូរលើជញ្ជាំង។

ព្រឹត្តិការណ៍នេះក៏មាន ការអញ្ជើញចូលរួមពី វិចិត្រករគំនូរលើជញ្ជាំង, ក្រុមតន្រ្តីករ និងឌីជេល្បីៗដែលមកពី ប្រទេសជាច្រើន និងអ្នកស្រលាញ់សិល្បៈ ដែលមកពីគ្រប់ទិសទី ទូទាំងពិភពលោកផងដែរ។ សិល្បករដ៏ល្បីល្បាញទាំងនេះ មកពីទូទាំងពិភពលោក មិនត្រឹមតែនាំមកនូវការសម្តែង, ច្រៀង, រាំ និងការប្រគុំឧបករណ៍តន្រ្តីប៉ុណ្ណោះទេ ប៉ុន្តែក៏មានការសម្តែង ពីបទចម្រៀងដើមប្រចាំ ក្នុងស្រុកទៀតផង។

លើសពីនេះក៏មានការសម្តែងផ្ទាល់ ពីសិល្បករផ្សេងៗទៀតដូចជា ស្នាដៃសិល្បៈសម្តែង ការព្យាបាលដោយរលកសម្លេង ពិធីបុណ្យសាសនាសាម៉ាន់ជាដើម។

ការប្រារព្ធពិធីអបអរសាទរ មហោស្រពសិល្បៈគំនូរលើជញ្ជាំង ខ្នាតអន្តរជាតិលើកដំបូង របស់ព្រីនស៍ម៉ាណ័រនៅកម្ពុជានឹងក្លាយជា ការទទួលស្គាល់ជាអន្ដរជាតិ និងសម្រេចបាននូវគោលដៅ នៃការជំរុញឥទ្ធិពល នៃអាស៊ីអាគ្នេយ៍ ហើយវានឹងធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជាអត្តសញ្ញាណវប្បធម៌ដ៏ល្បីមួយ លើពិភពលោក៕