(ភ្នំពេញ)៖ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសម្ដែងការអបអរសាទរ និងមានមោទនភាពក្រៃលែង ចំពោះកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា បន្ទាប់ពីកញ្ញាបានបំបែកឯកគ្គទកម្មឲ្យកម្ពុជាដណ្ដើមបានមេដាយមាសកីឡាអាស៊ី Asian Games ចំនួន ២សម័យកាលជាប់គ្នា ក្នុងព្រឹត្តិការណ៍លើកទី១៨ ដែលកំពុងប្រព្រឹត្តទៅ នៅប្រទេសឥណ្ឌូនេស៊ី ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយកបេសកកម្ម ។
លោក វ៉ាត់ ចំរើន បានឲ្យដឹងពីឥណ្ឌូនេស៊ីថា «នេះគឺជាមេដាយមាសទី២ ដែលកម្ពុជាដណ្តើមបាននៅ Asian Games ក្នុងរយ:ពេល ៦៤ឆ្នាំ បន្ទាប់ពីវីរកីឡាការិនី ស៊ន សៀវម៉ី ដែលដណ្ដើមបានមេដាយមាស Asian Games កាលពីឆ្នាំ២០១៤ នៅកូរ៉េ» ។ លោកថា «តាំងនាមប្រជាពលរដ្ឋខ្មែរ តាមរយៈ NOCC ដោយមានឯកឧត្តមបណ្ឌិត ថោង ខុន ជាប្រធាន និងក្នុងនាមនាយបេសកកម្ម សូមថ្លែងអំណរគុណចំពោះឪពុកម្តាយ ខាន់ ចេសា ដែលកំពុងរស់នៅអាមេរិក ចំពោះកូនរបស់ពួកគាត់ ដែលនាំមកនូវមហាកិត្តិយសជូនជាតិ និងបំបែកឯកគ្គទកម្មក្នុងការឈ្នះមេដាយមាស Asian Games ២សម័យចុងក្រោយដល់កម្ពុជា» ។
គួរបញ្ជាក់ថា កីឡាការិនីវ័យ ១៦ឆ្នាំ ខាន់ ចេសា ដណ្ដើមបានមេដាយមាសលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសាទម្ងន់ក្រោម ៤៩គីឡូក្រាម ក្រោយយកឈ្នះកីឡាការិនីអារ៉ាប់រួម Alhinaai Mahra ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ១០០-០ពិន្ទុ ជារួមគឺនាងបានយកឈ្នះលើគូប្រជែង ៥ប្រកួតជាប់គ្នាតែម្ដង ក្នុងនោះប្រកួតទី១ ឈ្នះកីឡាការិនីថៃ ១០០-០, ប្រកួតទី២ ឈ្នះកីឡារិនីដោយស្វ័យប្រវត្តិ(ចិនបោះបង់ការប្រកួត), ប្រកួតទី៣ ឈ្នះកីឡាការិនីអ៊ីរ៉ង់ ១០០-០ពិន្ទុ និងប្រកួតទី៤ ឈ្នះកីឡាការិនីហ្វីលីពីន ១០០-០ពិន្ទុ មុនផ្ដួលកីឡាការិនីអារ៉ាប់រួម ដើម្បីឈ្នះមេដាយមាសតែម្ដង ។
បន្ថែមលើនេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ក្ដីរំពឹងក្នុងការដណ្ដើមមេដាយមាសពីព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ី ៤ឆ្នាំម្ដងនេះ មិនទាន់បញ្ចប់ត្រឹមនេះឡើយ ពោលគឺកម្ពុជា នៅមានក្ដីរំពឹងឈ្នះមេដាយមាសបន្ដទៀត ពិសេសកីឡាម៉ូតូទឹក ដែលកំពុងមានប្រៀបលើគូប្រកួត ជាមួយនឹងវិញ្ញាសា Ski Modified បន្ទាប់ពីឆ្លងកាត់ការប្រកួតសន្សំពិន្ទុ ២ជុំ កីឡាករ សាលី អ៊ូមើត មាន ១១៣ ក្នុងដៃ បើធៀបនឹងកីឡាករថៃ កំពុងឈរលេខរៀងទី២ មាន ១០៨ពិន្ទុប៉ុណ្ណោះ ។ យ៉ាងណាមិញ សម្រាប់វិញ្ញាសាម៉ូតូទឹកនេះ គឺនៅសល់ការប្រកួត ២ជុំទៀត ទើបសរុបពិន្ទុកំណត់កីឡាករទទួលបានជ័យលាភី ។
មួយវិញទៀត កីឡាសូហ្វតេន្នីស ដែលជាកីឡាមួយ ក្នុងចំណោមអត្តពលិក ៤ប្រភេទកីឡា ដែលកម្ពុជារំពឹងទទួលបានមេដាយមាសដែលនោះ នៅមិនទាន់ចាកចេញពីប្រទេសកម្ពុជានោះទេ ដោយពួកគេគ្រោងធ្វើដំណើរ នៅថ្ងៃទី២៦ ខែសីហាខាង មុនការប្រកួតចាប់ផ្ដើមនៅថ្ងៃទី២៨ ខែសីហាសប្ដាហ៍ក្រោយ ។ ត្រង់ចំណុចនេះ លោក វ៉ាត់ ចំរើន ជឿជាក់ថា អត្តពលិកកម្ពុជាទាំង ២ប្រភេទកីឡា រួមទាំងកីឡាមួយចំនួន នឹងធ្វើបានល្អ ក្នុងការដណ្ដើមមេដាយមាសលើសពី ២គ្រឿង តាមគោលដៅចង់បានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងគាំទ្រយ៉ាងពេញទំហឹង ចំពោះបេសកកម្មរបស់អត្តពលិកកម្ពុជា ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Games លើកទី១៨ ដែលឥណ្ឌូនេស៊ី ទទួលធ្វើម្ចាស់ផ្ទះ បានចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨ ខែសីហា ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី០២ ខែកញ្ញាខាងមុខ ក្នុងនោះកម្ពុជា បានបញ្ជូនអត្តពលិក ១៣ប្រភេទកីឡាស្មើនឹងកីឡាករ-កីឡាការិនី ៤៣នាក់ទៅចូលរួម ។ ប៉ុន្ដែគិតត្រឹមល្ងាចថ្ងៃសុក្រនេះ កម្ពុជាទើបដណ្ដើមបានមេដាយមាស ១គ្រឿង ដែលរកបានដោយកីឡាការិនី ខាន់ ចេសា ស្របពេលកីឡា ៦ប្រភេទបានបញ្ចប់ការជាស្ថាពរផងដែរ រួមមានកីឡាជឺជិតស៊ូ ចំបាប់ តេក្វាន់ដូ ហែលទឹក កាយសម្ព័ន្ធ និងកីឡាគុនដាវ ។ រីឯអត្តពលិកកម្ពុជា ត្រូវបន្ដការប្រកួត គឺនៅសល់ ៧ប្រភេទ ពិសេសកីឡាម៉ូតូទឹក ដែលនឹងប្រកួតកាត់សេចក្ដី ដើម្បីកំណត់លទ្ធផលឈ្នះមេដាយ នៅថ្ងៃទី២៥ ខែសីហាស្អែកនេះ៕