(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានទទួលលិខិតអនុញ្ញាតពីធនាគារជាតិនៃកម្ពុជារួចហើយសម្រាប់ ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវកម្ម។ នេះតាមការចុះផ្សាយក្នុង Website ផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករនៅថ្ងៃនេះ។
លោកឧកញ៉ា ហួត អៀងតុង បានលើកឡើងថា «ខ្ញុំពិតជាមានមោទភាពណាស់ ដែលធនាគារជាតិនៃកម្ពុជា បានចេញលិខិតមិនជំទាស់ ចំពោះការបោះផ្សាយនូវសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត នាពេលនេះ។ យើងនឹងក្លាយជាក្រុមហ៊ុនទីមួយ ក្នុងប្រវត្តិសាស្រ្តរបស់កម្ពុជាដែលបោះផ្សាយមូលបត្របំណុល»។
ហត្ថាកសិករបញ្ជាក់ថា សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ១ នឹងត្រូវបោះផ្សាយដោយហត្ថាកសិករ លីមីតធីត និងត្រូវធ្វើសំណើលក់ ក្នុងចំនួនប្រាក់ដើមសរុប៨០ពាន់លានរៀល ជាមួយនឹងលទ្ធភាពដែលអាចលក់បន្ថែមរហូតដល់៤០ពាន់លានរៀល ក្នុងករណីមានតម្រូវការលើសពីវិនិយោគិនគោលដៅ។ សញ្ញាប័ណ្ណសាជីវកម្មមានរយៈពេលបីឆ្នាំ និងអត្រាគូប៉ុងប្រចាំឆ្នាំរបស់សញ្ញាប័ណ្ណ គឺពី៧.៥០% ទៅ៨.៥០%។
លោក ឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមទៀតថា «ហត្ថាកសិករ លីមីតធីត មានបំណងប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទាន រួមទាំងជាទុនបង្វិល និងសម្រាប់គោលបំណងទូទៅផ្សេងទៀតរបស់ក្រុមហ៊ុន។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀលនេះ ក៏នឹងជួយគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅតាមជនបទ និងទីប្រជុំជននៅកម្ពុជា»។
គម្រោងពេលរំពឹងទុកនៃការធ្វើបរិវិសកម្មសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត គឺចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ដោយរង់ចាំការអនុញ្ញាតលើការបោះផ្សាយពី គណៈកម្មការមូលបត្រកម្ពុជា។
អ្វីទៅជាសញ្ញាប័ណ្ណ ?
សញ្ញាប័ណ្ណ គឺជាប្រភេទមូលបត្របំណុល ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល (រូមមានសាជីវកម្ម សហ-គ្រាសរដ្ឋ ឬរាជរដ្ឋាភិបាល) និងវិនិយោគិន (ម្ចាស់មូលបត្របំណុល)។ តាមរយៈកិច្ចសន្យានេះ បុគ្គលបោះផ្សាយមូលបត្របំណុល មានកាតព្វកិច្ចបង់ឱ្យវិនិយោគិននូវទឹកប្រាក់ជាក់លាក់មួយ ជាទៀងទាត់ដែលហៅថា «គូប៉ុង» ឬ «ការប្រាក់» (លើកលែងសម្រាប់សញ្ញាប័ណ្ណគ្មានការប្រាក់) ព្រមទាំងបង់ប្រាក់ដើមនៅពេលដែលសញ្ញាប័ណ្ណនោះ ដល់កាលកំណត់សង ដែលហៅថា «ឥណប្រទិទាន»។ ជំនួសឱ្យការខ្ចីប្រាក់ពីធនាគារ ក្រុមហ៊ុនឬអង្គភាពមួយអាចបោះផ្សាយសញ្ញាប័ណ្ណ ទៅឲ្យវិនិយោគិនដោយផ្ទាល់ នៅពេលដែលក្រុមហ៊ុននោះត្រូវការសាច់ប្រាក់ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងថ្មីៗ, បន្តប្រតិបត្ដិការក្រុមហ៊ុន ឬដើម្បីទូទាត់បំណុល។
លក្ខណៈខុសគ្នាចម្បងមួយរវាងភាគហ៊ុន និងសញ្ញាប័ណ្ណ គឺថាសញ្ញាប័ណ្ណតំណាងឱ្យភាពជាម្ចាស់បំណុល រីឯភាគហ៊ុនតំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយ។ ថ្លៃភាគហ៊ុនអាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះមានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។ ផ្ទុយទៅវិញ សញ្ញាប័ណ្ណធ្វើការទូទាត់តែការប្រាក់ ដែលបានកំណត់ជាមុន ហើយថ្លៃរបស់វាប្រែប្រួល នៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញ របស់ក្រុមហ៊ុននោះឡើយ។
បច្ចុប្បន្ន មានតែប្រភេទសញ្ញាប័ណ្ណសាជីវកម្មមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីនៅ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយសារតែមិនទាន់មាន សញ្ញាប័ណ្ណរដ្ឋ។ សញ្ញាប័ណ្ណសាជីវកម្ម ជាប្រភេទមួយនៃមូលបត្របំណុល ដែលបោះផ្សាយដោយក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬនីតិ-បុគ្គលប្រតិស្រុត។
យោងតាមប្រកាសស្តីពីការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈចេញដោយ គណៈកម្មការមូលបត្រកម្ពុជា សញ្ញាប័ណ្ណសាជីវកម្មអាចចែកចេញជា៖
១៖ សញ្ញាប័ណ្ណធម្មតា ( Plain Vanilla Bond) សំដៅដល់សញ្ញាប័ណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅ កាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទិ្ធលក់ (Put Option) និងមិនមានការធានា។
២៖ សញ្ញាប័ណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាប័ណ្ណដែលផ្ដល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជា
អសាធនភាព ឬក្ស័យធន។
៣៖ សញ្ញាប័ណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាប័ណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក៕