(ភ្នំពេញ)៖ តារាសម្តែងប្រុសមានឈ្មោះបោះសំឡេង ក្នុងស្រទាប់សិល្បៈ គឺ លោក យូ ឌីស្កួ បន្ទាប់ពីត្រូវបានទស្សនិកជនដឹងថា លោកបានទៅបន្តការព្យាបាល ជំងឺទឹកនោមប្រៃនៅប្រទេសឥណ្ឌា។ ទន្ទឹមគ្នានេះ ទស្សនិកជនហាក់សម្តែងនូវការសាទរយ៉ាងខ្លាំង ខណៈនៅពាក់កណ្តាលខែសីហា នេះបានវិលត្រឡប់មកពី ព្យាបាលនៅឥណ្ឌាវិញដោយជោគជ័យ ជាមួយនឹងស្នាមញញឹម។ តែយ៉ាងណា ដើម្បីឲ្យទស្សនិកជនបានដឹងពី សកម្មភាពក៏ដូចជាការព្យាបាល របស់លោក នៅឥណ្ឌាយ៉ាងណានោះ លោក យូ ឌីស្កូ នឹងចូលរួមសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ជាការពិត លោក យូ ឌីស្កូ គឺជាតារាសម្តែងមួយរូប ដែលទទួលបានការគាំទ្រច្រើន ពីសំណាក់ទស្សនិកជន។ ទោះបីជាលោក មានជំងឺប្រចាំកាយ ត្រូវផ្អាកពីសិល្បៈមួយរយៈក្តី ប៉ុន្តែប្រជាប្រិយភាពរបស់លោក នៅតែមាន ជាពិសេសរាល់សកម្មភាពរបស់លោក គឺមានទស្សនិកជនតាមដាន និងចាប់អារម្មណ៍ជានិច្ច។
ជាមួយគ្នានេះ រឹតតែធ្វើឲ្យគ្រប់គ្នា មានការអន្ទះសារចង់ដឹងនោះ គឺថាតើការទៅព្យាបាលនៅប្រទេសឥណ្ឌា លោកបានជួបនឹងបទពិសោធ ក៏ដូចជាទុក្ខលំបាកអ្វីខ្លះ ហើយថា តើការចំណាយចេញទៅព្យាបាលនេះ មាននរណាខ្លះ ជាអ្នកជួយជ្រោមជ្រែងពីក្រោយ?
ទាំងនេះ លោក យូ ឌីស្កូ នឹងមកបកស្រាយក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះ ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅល្ងាចថ្ងៃសៅរ៍ទី២៥ ខែសីហា ឆ្នាំ២០១៨នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោងដដែល៕